លោក ហ្សេលេនស្គី ថានឹងមិនចូលរួមកិច្ចប្រជុំ G20 ឡើយ បើមានវត្តមានលោក ពូទីន


 (កៀវ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃ ព្រហស្បតិ៍សប្តាហ៍នេះថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 នៅប្រទេសឥណ្ឌូណេស៊ីឡើយ ប្រសិនបើមានវត្តមានប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីក្រិក នៅក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី បានប្រាប់អ្នក យកព័ត៌មានថា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូវី ដូដូ បានអញ្ជើញរូបលោកឲ្យចូលរួមក្នុង កិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តិទៅ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ។ លោក ហ្សេ លេនស្គី បានគូសបញ្ជាក់ថា «គោលជំហរខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាគោលជំហររបស់អ៊ុយក្រែន គឺថាប្រសិន បើមេដឹកនាំរុស្ស៉ីចូលរួម នោះអ៊ុយក្រែននឹងមិនចូលរួមឡើយ។ យើងនឹងដឹងថាវានឹងទៅជាយ៉ាងណា នៅថ្ងៃខាងមុខនេះ»

គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈមក សង្រ្គាមរុស្ស៉ីនៅអ៊ុយក្រែនបានឈានចូលក្នុងខែ ទី៩ហើយ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ បង្ខំឲ្យប្រជាជនរាប់លាននាក់ផ្លាស់ទីលំនៅ និងបំផ្លិចបំផ្លាញទីក្រុងនានា ជាដើម៕