(វ៉ាស៊ីនតោន)៖ តាមមន្ត្រីអាមេរិកម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បញ្ជាក់ថា សហរដ្ឋអាមេរិក ជឿជាក់ថាចិន និងរុស្ស៉ី មាន ឥទ្ធិពលអាចបញ្ចុះបញ្ចូលឱ្យកូរ៉េខាងជើង កុំធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ នៅចំពោះមុខភាព តានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។
មន្ត្រីអាមេរិកម្នាក់ ដែលថ្លែងប្រាប់ Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាននិយាយថា សហរដ្ឋអាមេរិកធ្លាប់បានសន្និដ្ឋានចាប់តាំងពីខែឧសភា មកថា កូរ៉េខាងជើងបានត្រៀមខ្លួនរួចជា ស្រេច ក្នុងការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក ប៉ុន្តែគ្មាន នរណាម្នាក់ ដឹងច្បាស់ថាតើការធ្វើតេស្ដនេះអាចនឹងធ្វើឡើងនៅពេលណាឱ្យប្រាកដ ក្រៅតែពីលោក គីម ជុងអ៊ុននោះទេ។ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញរុស្ស៉ី និងចិនធ្វើអ្វីដែលពួក គេអាចធ្វើបាន ដើម្បីបញ្ចុះបញ្ចូលទីក្រុងព្យុងយ៉ាង ហើយជាការពិតណាស់ រុស្ស៉ី និងចិនមានឥទ្ធិ ពលលើ កូរ៉េខាងជើង។ នេះជាការបញ្ជាក់បន្ថែមរបស់មន្ត្រីអាមេរិករូបខាងលើដដែល។
គួរបញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបាញ់សាកល្បងមីស៊ីល៣គ្រាប់ ក្នុង នោះរួមមានទាំងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM តែ មួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាន បាញ់មីស៊ីលជាង ២០គ្រាប់កាលពីថ្ងៃពុធ៕