រដ្ឋមន្ដ្រី ជា វ៉ាន់ដេត អញ្ជើញផ្ដល់បទឧទេ្ទសនាមជូនដល់នាយទាហាន យោធាចារ្យ និងនិស្សិត នាយទាហាន នៅសាលានាយទាហានសកម្ម


 (កំពង់ស្ពឺ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃ ទី០៣​ ខែវិច្ឆិកា ឆ្នាំ២០២២​នេះ បានអញ្ជើញជាអធិបតីភាព និងផ្ដល់បទឧទេ្ទសនាម ជូនដល់នាយ ទាហាន យោធាចារ្យ និងនិស្សិតនាយទាហានសកម្ម នៅសាលានាយទាហានសកម្ម​ ស្ថិតនៅភូមិ ពោធិ ឃុំដំណាក់រាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។​

ពិធីនេះមានការចូលរួមពី​លោកឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម យោធាចារ្យ នាយគ្រូ សិក្ខាកាមមកពីវៀតណាម និងនិស្សិតនាយទាហានសកម្មជំនាន់ទី ២៣-២៤​ ប្រមាណ​ ៥០០នាក់ផងដែរ។

នៅក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានធ្វើបទ​ឧទ្ទេស​នាមស្ដីពី រចនាសម្ព័ន្ធចាត់តាំង តួនាទី ភារកិច្ច ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធ ការងារថ្មីមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបចេ្ចកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធិភាពការងារ។ បន្ថែមពីនេះទៀតលោក ក៏បានជម្រាបជូនពីការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗនិងការបណ្ដុះបណ្តាលធនធានមនុស្សដើម្បីជំរុញបរិវត្តកម្មឌីជីថលស្របតាមទិលដៅគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។

សូមបញ្ជាក់ដែរថានាឪកាសនោះលោក​រដ្ឋមន្ត្រី​ ក៏​បានផ្ដល់ថវិកា និងអគារមជ្ឈមណ្ឌល​បច្ចេក​វិទ្យាសហគមន៍មួយខ្នង​​ ជូនដល់​សាលានាយទាហាន​សកម្ម ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ និងការ​បង្កើន​សមត្ថភាព​ផ្នែកឌីជីថល​ដល់​នាយ​ទាហាន​ផងដែរ៕