(សៀមរាប)៖ រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street របស់ខេត្តសៀមរាប ដែលកំពុងមានភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើងវិញ បន្ទាប់ពីផ្អាកសកម្មភាពទេស ចរណ៍ដោយសារតែការរីករាលដាលជំងឺកូវីដ១៩។
ការកោតសរសើរនេះត្រូវបានលើកឡើងនាអំលុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។គួរជម្រាបថា នាឱកាសអញ្ជើញមកដល់កម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំធំៗទាំងពីរនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រីទេសចរណ៍និងប្រតិភូនៃប្រទេស សមាជិកអេកម៉ិក និង CLMV ដទៃទៀតទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍នាពេលរាត្រី Pub Street នាក្រុងសៀមរាប។
នាដំណើរទស្សនកិច្ចនោះ គណៈប្រតិភូនៃប្រទេសជាសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV បានដើរទស្សនកិច្ចដោយថ្មើរជើងនៅតាមផ្លូវនៃតំបន់ Pub Street នោះប្រកបដោយភាព សប្បាយរីករាយនិងទទួលបានការស្វាគមន៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលកំពុងដើរលេងកម្សាន្តនៅទីនោះ។
គណៈប្រតិភូបានមើលឃើញពីសក្ដានុពលនៅតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ដ៏ ទាក់ទាញមួយផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរដែលមកដល់ទឹកដីខេត្តសៀមរាប។
គណៈប្រតិភូសមាជិកអេកម៉ិក និង CLMV ក៏បានកោតសរសើរដល់កម្ពុជាចំពោះការរៀបចំតំបន់ ទេសចរណ៍រាត្រី Pub Street នេះឱ្យមានភាពទាក់ទាញឡើងវិញ នៅតាមដងផ្លូវមានភាពស្អាត ជាងមុន ការរៀបចំតុបតែងនៅតាមហាងនីមួយៗកាន់តែមានសោភ័ណភាព បន្ទាប់ពីផ្អាកសកម្មភាព ទេសចរណ៍ ក៏ដូចជាការបិទបណ្ដោះអាសន្នដោយសារតែការរីករាលដាលជំងឺកូវីដ១៩។ Pub Street គឺជាតំបន់ទេសចរណ៍នាពេលរាត្រីតូចមួយនៅខេត្តសៀមរាប ដែលភ្ញៀវទេសចរបរទេស ទូទៅទទួលស្គាល់ជាពិភពលោកដ៏តូចមួយ (Small World)។
គណៈប្រតិភូសមាជិកអេកម៉ិក (ACMECS) និងប្រទេសសមាជិក CLMV បានសម្ដែងនូវអំណរ គុណចំពោះកម្ពុជាក្នុងការទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅ និងរួសរាយរាក់ទាក់ នាអំលុងពេលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តម មន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២២។
នារាត្រីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២នេះដែរ ភាគីកម្ពុជាក៏បានរៀបចំពិធីលៀងសាយភោជន៍ (Gala Dinner) ជូនប្រតិភូប្រទេសសមាជិកអេកម៉ិក ក៏ដូចជាប្រទេសសមាជិក CLMV នៅសណ្ឋាគារបុរី អង្គរ ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំឧត្តមមន្ត្រីនិងរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ រយៈពេល២ថ្ងៃ (២-៣ វិច្ឆិកា ២០២២)។ នៅក្នុងពិធីលៀងសាយភោជន៍នោះ ក៏មានការសម្ដែងសិល្បៈ ចម្រៀង របាំ ការរាំលេង កម្សាន្តដែលផ្សារភ្ជាប់នឹងវប្បធម៌ប្រពៃណីខ្មែរ ដូចជា របាំអប្សរាមហានគរឬរបាំព្រះរាជទ្រព្យ របាំ ក្ងោកសិល្ប៍ របាំរំដួលបុប្ផាជាតិ របាំនេសាទ ពិសេសគឺរបាំចំណងមិត្តភាពរួមគ្នាកម្ពុជា-ឡាវ-មីយ៉ាន់ ម៉ា-ថៃ-វៀតណាម។ នៅក្នុងបរិវេណនៃពិធីនោះដែរ ក៏ថែមទាំងមានរៀបចំតាំងបង្ហាញនូវម្ហូបអាហារ បែបខ្មែរសម្រាប់ឱ្យភ្ញៀវនិងគណៈប្រតិភូទទួលទាន ដូចជា នំបញ្ចុក នំពុម្ភ នំដុត អំបុកជាដើម។
សូមជម្រាបដែរថា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អែកនេះ គណៈប្រតិភូទេសចរណ៍អេកម៉ិក និង CLMV ក៏នឹងអញ្ជើញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ពិសេសគឺប្រាសាទអង្គរវត្ត និង សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ក៏ដូចជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជុំវិញផងដែរ៕