(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានអោយដឹងថា សហរដ្ឋអាមេរិក បានចោទប្រកាន់ថាកូរ៉េខាងជើងបានលួច លាក់ផ្គត់ផ្គង់គ្រាប់កាំភ្លើងធំក្នុងចំនួនដ៏ច្រើន ឱ្យរុស្ស៉ីយកទៅប្រើប្រាស់នៅក្នុងសង្រ្គាមអ៊ុយក្រែន ខណៈទីក្រុងមូស្គូ កំពុងស្វះស្វែងរកជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃពុធសប្ដាហ៍នេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃឺប៊ី (John Kirby) អាវុធដែលកូរ៉េខាងជើងផ្គត់ផ្គង់ឱ្យរុស្ស៉ី ទំនង ជានឹងមិនអាចកែប្រែ ស្ថានការណ៍សង្រ្គាមសព្វថ្ងៃបានឡើយ ដោយសង្កត់ធ្ងន់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ខាងលិចក្នុងការគាំទ្រអ៊ុយក្រែន។ លោក ឃឺប៊ី បានគូសបញ្ជាក់បន្ថែមដូច្នេះថា «ភស្តុតាងរបស់យើង បានបង្ហាញថាកូរ៉េខាងជើង (DPRK) បានលួចលាក់ផ្គត់ផ្គង់ ហើយយើងកំពុងបន្តតាមដានដើម្បីដឹង ឱ្យច្បាស់ថាតើរុស្ស៉ី ទទួលបានអាវុធទាំងនោះហើយ ឬនៅ»។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ លម្អិតពីការដឹកជញ្ជូន ឬក៏ថាតើសហរដ្ឋអាមេរិកនឹងព្យាយាមរារាំងការដឹកអាវុធឱ្យរុស្ស៉ីដែរ ឬក៏យ៉ាង ណានោះទេ៕