រដ្ឋសភា បង្ហាញលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍


 (ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំនេះ បានឲ្យដឹងថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖

១៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ជូនគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភាវិញ។

២៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនីត្យសិក្សា ហើយធ្វើរបាយ ការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

៣៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។

៤៖ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

*៤.១- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិដោយ បន្ថែមមាត្រា៣ស្ទួន

*៤.២- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិល អន្តរជាតិ

*៤.៣- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិ ជូនគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណ៍យ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕