(ភ្នំពេញ)៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា នៅកម្ពុជាមិនមានការជួញដូរ មនុស្សដល់ទៅរាប់ម៉ឺនករណី ដូចការចោទពីមជ្ឈដ្ឋានអន្តរជាតិមួយចំនួននោះទេ។
លោកជំទាវ អះអាងបែបនេះ ក្នុងសិក្ខាសាលាស្តីពី ការបង្កើតផែនការសកម្មភាពជាតិ ប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស នៃផែនការជាតិ ឆ្នាំ២០២២-២០២៣ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា ពិតជាមានអំពើជួញដូរមនុស្ស ដែលកើតឡើង នៅទឹកដីកម្ពុជា ក្នុងចំណោមជនបរទេស ប៉ុន្តែលោកស្រីលើកឡើងថា ទឹកដីកម្ពុជាត្រូវបានប្រើប្រាស់ ដើម្បីធ្វើបទល្មើស ហើយហើយជាបទល្មើសថ្មី ដោយសារតែទាក់ទងគ្នាតាមប្រព័ន្ធអនឡាញ (Online) ។ លោកជំទាវបន្ថែមថា ប្រទេសទាំងឡាយក៏គាត់ទទួលស្គាល់ថា រឿងជួញដូរមនុស្សនេះ មិនមែនមានតែនៅកម្ពុជានោះទេ។
លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់យ៉ាងដូច្នេះ «មុនដំបូង គាត់នាំគ្នាចោទ នាំគ្នាចង្អុលមកកម្ពុជា ក៏ដូចជាបន្ទោសបង្អាប់ថា កម្ពុជាមានអ្នកដែលមានការជួញដូរមនុស្ស ឬមានអ្នករងគ្រោះច្រើនណាស់ អញ្ចឹងយើងក៏ចង់ដឹងដែរ ហើយយើងក៏ឈឺចាប់ដែរ ព្រោះយើងមិនចង់ឲ្យមានកើតរឿងហ្នឹងទេ ប៉ុន្តែ នៅពេលដែលយើងចាប់ផ្តើមធ្វើប្រតិបត្តិការ ដោយបើកទូលាយឲ្យមានការផ្តល់ព័ត៌មានឲ្យច្បាស់។ ដល់ពេលយើងធ្វើការសង្គ្រោះទៅតាមបណ្តឹង ដែលទទួលតាមហ្វេសប៊ុកសម្តេចក្រឡាហោម ស ខេង អគ្គស្នងការដ្ឋានគរបាលជាតិ អគ្គនាយកអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងតាមប្រព័ន្ធ Hotline ឲ្យតែបានលឺ និងច្បាស់ព័ត៌មាន គឺយើងចុះបើកប្រតិបត្តិការ។ ប៉ុន្តែ ក្រោយធ្វើ ប្រតិបត្តិការសង្គ្រោះគាត់មកហើយ មួយចំនួនគាត់បដិសេធថា គាត់អត់បានរងគ្រោះទេ។ មានមួយចំនួនពិតជាមានការកេងវញ្ចរហូតដល់ការធ្វើទារុណកម្ម ប៉ុន្តែវាមិនមែនរាប់ពាន់រាប់ម៉ឺនដូចគេ និយាយទេ»។
លោកជំទាវបន្តថា «អ្នកដែលបដិសេធថា មិនបានរងគ្រោះទេ តែហេតុអ្វីមានបណ្តឹង គាត់បក ស្រាយថា ដោយសារឪពុកម្តាយគាត់បារម្ភ ឬមួយស្ថានទូតគាត់បារម្ភ តែខ្លួនគាត់ផ្ទាល់អត់បានរង គ្រោះទេ។ ទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដែលមានការទទួលខុសត្រូវ គឺយើងមិនអនុញ្ញាតឲ្យពួកគាត់ នៅធ្វើការបន្តទៀត នៅកន្លែងដែលគ្មានសុវត្ថិភាពទេ។ មានអគារអាជីវកម្មមួយចំនួន គឺយើងបានបិទជាស្ថាពរ ៥អគារ ហើយមាន ៤អគារទៀត កំពុងតែ ធ្វើការស្រាវជ្រាវ»។
សូមបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ ថា បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៥៥៦ករណី មានមនុស្ស ១,៤៣២ នាក់
២៖ បានស្រាវជ្រាវអង្កេត រកឃើញ
២៨២សំណើ និងបិទសំណុំរឿង ១៣៧សំណើ (រកឃើញ មនុស្ស ៦៦២នាក់, ឃាត់ខ្លួនជនសង្ស័យ
៨២នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម
ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
បើតាមលោកជំទាវ ជូ ប៊ុនអេង ក្រោយការអំពាវនាវរបស់សម្តេចក្រឡាហោម ស ខេង គឺកម្ពុជាក៏រក ឃើញជនបរទេសមួយចំនួន មកធ្វើការដោយខុសច្បាប់នៅកម្ពុជាផងដែរ ហើយពួកគេត្រូវបាន បណ្តេញចេញ។
លោកជំទាវ បញ្ជាក់យ៉ាងដូច្នេះ «នៅក្នុងប្រតិបត្តិការនេះ ក៏យើងរកឃើញដែរថា មានជនបរទេស ជាច្រើន កំពុងសម្ងំលាក់ខ្លួន នៅក្នុងប្រទេសយើងដោយគ្មានច្បាប់។ ឧទាហរណ៍ គាត់មកជាទេសច រណ៍ទេ តែមកចូលធ្វើការនៅកន្លែងហ្នឹង។ អញ្ចឹងយើងត្រូវពិន័យ ព្រោះកម្ពុជាមិនមែនជាកន្លែងចេញ ចូលតាមចិត្តទេ»៕