(វ៉ាស៉ីនតោន)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅ ថ្ងៃពុធសប្ដាហ៍នេះ ការគំរាមកំហែងដោយបេក្ខជនមកពីគណបក្សសាធារណរដ្ឋ មួយចំនួន ក្នុងការ បដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត នៅថ្ងៃទី៨ ខែវិច្ឆិកាខាងមុខនេះ អាចនឹងកើតមានឡើង ប្រសិនបើពួកគេចាញ់ ហើយលោកក៏ បានបន្ទោសអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះ ការសាបព្រោះវប្បធម៌បែបនេះដែរ។
ក្នុងសុន្ទរកថាមួយ ប៉ុន្មានថ្ងៃមុននឹងសហរដ្ឋអាមេរិករៀបចំការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ជាពេលដែលប្រជាជនអាមេរិក ត្រូវធ្វើការសម្រេចចិត្តថាតើ គណបក្សប្រជាធិបតេយ្យនៅតែអាច បន្តគ្រប់គ្រងសភាទាំង២ ឬក៏ដល់វេនគណបក្សសាធារណរដ្ឋត្រឡប់មកគ្រប់គ្រងវិញម្ដង លោក បៃដិន បានគូសបញ្ជាក់ ដូច្នេះថា «សូមកុំបង្កើតកំហុស, លទ្ធិប្រជាធិបតេយ្យគឺនៅលើសន្លឹកឆ្នោត របស់យើងទាំងអស់គ្នា។ រឿងរាវដែលបានកើតឡើង វាជាភស្តុតាងដែលថា លទ្ធិប្រជាធិបតេយ្យ អាមេរិកស្ថិតនៅក្រោមការគំរាមកំហែង រយៈពេលតិចជាង២ឆ្នាំ បន្ទាប់ពីការវាយប្រហារ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លើវិមានកាពីតូលរបស់សហរដ្ឋអាមេរិក»។
លោក បៃដិន បានបន្ថែមថា «ជនសង្ស័យបានចូលទៅក្នុងផ្ទះរួចសួរថា លោកស្រី ផេឡូស៊ី នៅ ឯណា? ទាំងនេះគឺជាពាក្យដូចគ្នាដែលមនុស្សមួយក្រុម បាននិយាយ នៅពេលដែលពួកគេសម្រុក ចូលវិមានការពីតូល។ អ្នកបដិសេធលទ្ធផលបោះឆ្នោត ត្រូវបានបំផុសគំនិតដោយលោក ត្រាំ ដែល កំពុងគិតអំពីការ ឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៤»៕