ប្រធានាធិបតីបារាំង រិះគន់សហរដ្ឋអាមេរិក ជុំវិញការលក់ឧស្ម័នឱ្យអឺរ៉ុបក្នុងតម្លៃខ្ពស់


 (ព្រុចសែល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ គឺ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាល ពីថ្ងៃសុក្រសប្តាហ៍នេះ បានថ្លែងរិះគន់ចំពោះសហរដ្ឋអាមេរិក សម្រាប់ការអនុវត្តស្តង់ដាពីរ ជុំវិញ តម្លៃឧស្ម័ន។

ក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) នៅទីក្រុងព្រុចសែល លោក ម៉ាក្រុង បានអះអាងថា អាមេរិកលក់ឧស្ម័នរបស់ខ្លួនមកឱ្យអឺរ៉ុប ក្នុងតម្លៃមួយដែលខ្ពស់ជាង តម្លៃទីផ្សារក្នុងស្រុករបស់អាមេរិកផ្ទាល់ប្រហែល៣-៤ដង ដែលទង្វើនេះគឺលោកចាត់ទុកជា ការអនុ វត្តស្តង់ដាពីរយ៉ាងជាក់ស្តែង។

បើតាមលោកប្រធានាធិបតីបារាំង បញ្ហាខាងលើគួរតែក្លាយជាប្រធានបទ ដើម្បីពិភាក្សាដោយការ យកចិត្តទុកដាក់ ដ្បិតវាពាក់ព័ន្ធទៅនឹង​ភាពស្មោះត្រង់នៃការធ្វើពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ហើយនិងសម្ព័ន្ធមិត្តនៅអឺរ៉ុប។ លោក ម៉ាក្រុង បានបន្ថែមថា លោកមានបំណងនឹងលើកឡើងអំពី បញ្ហាតម្លៃឧស្ម័ននេះ នៅពេលលោកទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ក្នុងខែធ្នូ ខាងមុខ៕