សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមិនដួលរលំឡើយ គ្រាន់តែឧបត្ថម្ភ ប្រាក់ប្រចាំខែដល់អ្នកភូមិរុនតាឯក តាមរយៈប័ណ្ណក្រីក្រ


(សៀមរាប)៖ ប្រជាពលរដ្ឋដែលបានចាកចេញពីតំបន់អង្គរ ទៅរស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការផ្ដល់ដីធ្លី និងប័ណ្ណសមធម៌ដែលជាការឧបត្ថម្ភថវិកា ប្រចាំខែជូនពួកគាត់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានអះអាងថា គ្រាន់តែការប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកភូមិរុនតាឯក តាមរយៈ ប័ណ្ណក្រីក្រមិនធ្វើឲ្យរាជរដ្ឋាភិបាលដួលរលំនោះទេ។

យុទ្ធនាការកំណត់ និងផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋនៅតំបន់អង្គរដល់ពលរដ្ឋស្ម័គ្រចិត្តទៅ រស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើកទី១ មានប្រជាពលរដ្ឋទៅទទួល ប័ណ្ណសមធម៌ ចំនួន៤,២២៩គ្រួសារ និងយុទ្ធនាការលើកទី២ មានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បានទទួលប័ណ្ណសមធម៌ ចំនួន៤,៧៩៣គ្រួសារ។

មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញមាត់ស្ទឹង តំបន់រមណីយដ្ឋានអង្គរ ទៅ រស់នៅភូមិពាក់ស្នែង និងទៅរស់នៅរុនតាឯកថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលប័ណ្ណសមធម៌ ប្រមាណជិត១ម៉ឺនគ្រួសារ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាមិនធ្វើឲ្យរាជរដ្ឋាភិបាលដួលរលំ ដោយសារតែបង្កើនចំនួនទឹកប្រាក់នោះទេ […] នេះជាការធានាមួយសម្រាប់បងប្អូនក្នុងការទទួល បានអត្ថប្រយោជន៍ដែលផ្ដល់ដោយរាជរដ្ឋាភិបាល សម្រាប់ការតាំងទីលំនៅថ្មីរបស់បងប្អូន បើទោះបី ពេលនេះខ្វះប្រាក់ចំណូល ប៉ុន្ដែគឺយើងទទួលខុសត្រូវលើបញ្ហានេះ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចំនួនទឹកប្រាក់ដែលផ្ដល់តាមរយៈប័ណ្ណសមធម៌ នោះមិនដូចគ្នានោះទេ ពោលអ្នកនៅជនបទផ្សេង អ្នកនៅទីប្រជុំជនផ្សេង ដោយក្នុងនោះ ទីប្រជុំ ជនបាន១២ម៉ឺនរៀល និងជនបទបាន៨ម៉ឺនរៀល។ សមាជិកក្នុងគ្រួសារម្នាក់ទីប្រជុំជនបាន៤ម៉ឺនរៀល, ទីជនបទបាន២៤,​០០០រៀល, កុមារអាយុ ក្រោម៥ឆ្នាំ បាន៤ម៉ឺនរៀលក្នុងម្នាក់ សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល, ជនពិការ ភាពម្នាក់បាន៤ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល, សម្រាប់មនុស្សចាស់ ចាប់ពី៦០ឆ្នាំឡើង បាន៤ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល។

ដោយឡែក សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បច្ចុប្បន្នជាតំបន់ជនបទ ប៉ុន្ដែរាជរដ្ឋាភិបាល សម្រេចផ្ដល់ជូនថវិកាដូចនៅទីប្រជុំជន នោះមានន័យថា ចំនួនថវិកាបានច្រើនជាងទីតាំងដែល កំណត់ជាតំបន់ជនបទ។ នេះជាអ្វីដែលបានគូសបញ្ជាក់បន្ថែម ដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែរៀបចំប្រព័ន្ធហេដ្ឋា រចនាសម្ព័ន្ធនានា ដែលបម្រើឲ្យការរស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនេះផងដែរ ដោយក្នុងនោះ មានទាំង តបណ្តាញអគ្គិសនីចូលតាមផ្ទះប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះឡើយ ហើយការរៀបចំ បណ្តាញអគ្គសិនីនៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ត្រូវចំណាយសរុបប្រមាណ ៦លានដុល្លារ៕