(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋដែល ស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ គឺជាពលរដ្ឋដែលធ្វើការ សម្រេចចិត្តប្រកបដោយភ្លាមឆ្លាតវៃ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជួប សំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ ចេញពីតំបន់រមណីយ ដ្ឋានអង្គរ ទៅតាំងទីលំនៅ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាព្រឹកថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដូច្នេះថា៖ «បងប្អូនដែលបានចាប់ឆ្នោតរួចមកហើយ ដែលសុខចិត្តចាកចេញពីរមណីយដ្ឋានអង្គរ មកនៅទីនេះ អាចចាត់ទុកថា ជាការជ្រើសរើសដ៏ឆ្លាត វៃមួយក្នុងកាលៈទេសៈចាំបាច់ ដែលមកកាន់ទីនេះ យើងមានការទ្រទ្រង់ខាងហេដ្ឋារចនាសម្ព័ន្ធ ការទ្រទ្រង់ទៅលើផ្នែកដទៃទៀត ក្នុងនោះរាប់ទាំងការទ្រទ្រង់អំពីកិច្ចគាំពារសង្គម»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការដាក់បញ្ចូលប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌ ពិភពលោក កាលពីឆ្នាំ១៩៩២ ដែលឆ្នាំ២០២២ ក៏ជាខួបលើកទី៣០ នៃការដាក់បញ្ចូលប្រសាទ ដ៏ល្បីរបស់កម្ពុជានេះដែរ។ សម្តេចបញ្ជាក់ថា ការដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌនេះ តម្រូវឱ្យ គោរពលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «យើងមិនអាចបំពាន ជាមួយនឹងគោលការណ៍នេះបានទេ យើងត្រូវ ខិតខំដោះស្រាយ បើមិនដូច្នោះទេ អង្គររបស់យើងប្រឈមនឹងការបណ្តេញចេញ ហើយការបណ្តេញ ចេញនេះ មិនមែនជាបញ្ហាថ្មីរបស់អង្គការយូណេស្កូ ប៉ុន្តែប្រទេសជឿនលឿនខ្លះក៏មានការបណ្តេញ ចេញ ដូចជាអាល្លឺម៉ង់ជាដើម ក៏ធ្លាប់មានការបណ្តេញចេញ ដោយសារមិនគោរពតាមលក្ខខណ្ឌ នៃការកំណត់របស់អង្គការយូណេស្កូ»។
សម្តេចតេជោបានបន្ថែមថា បើសិនជាប្រជាពលរដ្ឋបន្តរស់នៅខុសច្បាប់នៅតំបន់អង្គរនេះ ប្រជាពល រដ្ឋមិនមានសិទ្ធិអភិវឌ្ឍអ្វីទាំងអស់ មិនមានកម្មសិទ្ធិដីធ្លីនោះឡើយ ប៉ុន្តែនៅពេលទៅរស់នៅតំបន់រុន តាឯក ដែលថ្ងៃខាងមុខ ក្លាយជាទីប្រជុំជន ពួកគាត់មានភាពជាកម្មសិទ្ធិពេញលេញ ដែលអាច អភិវឌ្ឍបន្តបាន។
តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា រហូតដល់ ពេលនេះ មានប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់បានទៅចាប់ ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩ ៣២៣គ្រួសារ ក្នុងនោះ ៥ ៨២៣ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ រុនតាឯក និង ៣ ២០០ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង៕