ចិនជំរុញកសិករឱ្យពិចារណាដាំដុះពូជស្រូវថ្មីដែលដាំម្តងប្រមូលផលបានច្រើនឆ្នាំ

 (ប៉េកាំង)៖ រដ្ឋាភិបាលចិនកំពុងព្យាយាមលើកទឹកចិត្តកសិករឱ្យដាំពូជស្រូវថ្មីដែលអាចប្រមូលផលបានច្រើនឆ្នាំដោយមិនបាច់ដាំដុះជាថ្មី។ នេះបើយោងតាមកាសែត South China Morning Post។

បញ្ជីពូជស្រូវល្អៗមួយដែលចេញផ្សាយកាលពីខែមុនដោយក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ ប្រទេសចិនរួមមានពូជស្រូវដែលមានអាយុច្រើនឆ្នាំដែលមានទិន្នផលពីរដងច្រើនជាងពូជដែលធ្លាប់ដាំដុះធម្មតា។

យោងតាមក្រុមហ៊ុន BGI Research ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Shenzhen ដែលបានចូលរួមនៅក្នុងកម្មវិធីជាតិមួយដើម្បីអភិវឌ្ឍពូជនេះបានឱ្យដឹងថា ពូជស្រូវនេះគឺជាពូជដាំ ដុះសម្រាប់ធ្វើពាណិជ្ជកម្មដែលមានអាយុកាលយូរឆ្នាំ។

បើប្រៀបធៀបនឹងដំណាំស្រូវភាគច្រើនដែលត្រូវសាបព្រោះឡើងវិញជារៀងរាល់ឆ្នាំ ស្រូវដែលមាន អាយុច្រើនឆ្នាំនេះមានតម្លៃថោកជាង និងប្រើកម្លាំងពលកម្មតិចជាងក្នុងការផលិត ហើយអ្នកវិទ្យា សាស្ត្រនិយាយថា វាក៏អាចល្អសម្រាប់បរិស្ថានផងដែរ។

លោក Liu Huan ប្រធានអ្នកវិទ្យាសាស្ត្រនៅក្រុមហ៊ុន BGI Research បាននិយាយថា ស្រូវដែល មានអាយុច្រើនឆ្នាំនេះគឺជាបដិវត្តន៍មួយ។

លោកមានប្រសាសន៍ថា៖«មានតំបន់ជាច្រើនដែលមិនមានការធ្វើកសិកម្មដោយគ្រឿងម៉ាស៊ីននៅឡើយ ឬមានការខ្វះខាតកម្លាំងពលកម្ម ឬជាកន្លែងដែលដីជាច្រើនត្រូវបានប្រើប្រាស់មិនគ្រប់គ្រាន់។ ជាមួយនឹងពូជស្រូវនេះ យើងអាចប្រើប្រាស់ដីស្រែដែលគេបោះបង់ចោលបានល្អ ដូច្នេះក្រសួងកសិ កម្មគាំទ្រយ៉ាងខ្លាំងដល់ការលើកកម្ពស់ឱ្យមានការប្រើប្រាស់ពូជនេះ»។

យោងតាមកាសែត South China Morning Post ស្រូវដែលមានអាយុច្រើនឆ្នាំនេះ អាចកាត់បន្ថយ ថ្លៃដើមផលិតកម្មបានជាង ៥០% និងធ្វើឱ្យការគ្រប់គ្រងដំណាំមានលក្ខណៈសាមញ្ញ។

ការសិក្សាមួយដែលបានបោះពុម្ពផ្សាយលើគេហទំព័រ Research Square បានរកឃើញថា ការ ចំណាយលើការផលិតស្រូវដែលមានអាយុច្រើនឆ្នាំនេះ គឺប្រហាក់ប្រហែលនឹងពូជប្រចាំឆ្នាំក្នុង ឆ្នាំដំបូង ប៉ុន្តែដោយសារតែវាមិនត្រូវការគ្រាប់ពូជ ការដាំ និងការភ្ជួរនៅឆ្នាំបន្តបន្ទាប់ កសិករអាច សន្សំបានរហូតដល់ ១ ៤០០សហរដ្ឋអាមេរិកក្នុងមួយរដូវ៕