(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា កាលពី២០ឆ្នាំមុន កម្ពុជាជាប្រទេសមានបញ្ហាអសន្តិសុខស្បៀង តែបច្ចុប្បន្ន បានក្លាយជាប្រទេស នាំស្បៀងចេញ ហើយពិន្ទុសន្ទទស្សន៍នៃភាពអត់ឃ្លានសកលបានធ្លាក់ចុះ មកត្រឹម២០.៦% នៅឆ្នាំ២០២០ និងបញ្ហាក្រិសក្រិនកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ចុះពី ៥០% នៅឆ្នាំ២០០០ មកត្រឹម២២% នៅឆ្នាំ២០២២។
ការលើកឡើងបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានធ្វើឡើងក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ការធ្វើការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាព សកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ» នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា ភ្នំពេញ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ, លោកបណ្ឌិត អាណឺរបាន ឆាតឺជី ប្រធានស្តីទីអង្គការ UNICEF ប្រចាំកម្ពុជា, លោកស្រី អានទ្បូ ឌូវ៉ាល អនុប្រធានអង្គការស្បៀង អាហារពិភពលោក និងជាតំណាងបណ្តាញអង្គការសហប្រជាជាតិ ដើម្បីអាហារូបត្ថម្ភនៅកម្ពុជា, តំណាងរដ្ឋបាលខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមាន ជ័យ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ តំណាងអង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អ្នកសារព័ត៌មាន និងក្មួយៗយុវជន ជាង១០០នាក់។
តាមរយៈសិក្ខាសាលានេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ធ្វើឡើងក្នុងគោលបំណង កៀរគរថវិកា ដើម្បីពន្លឿនវឌ្ឍនភាពនៃការបង្ការ ការព្យាបាលភាពស្គមស្គាំងរបស់កុមារ និងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីរួមគ្នាលើកកម្ពស់វិស័យសន្តិសុខស្បៀង និងអាហា រូបត្ថម្ភ នៅកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី បានបន្តថា វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ការអភិវឌ្ឍទីក្រុង ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ ការបម្រែ បម្រួលប្រជាសាស្រ្ត និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជាផ្លាស់ប្តូរ របៀបរស់នៅ និងការហូបចុក។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបន្ថែមថា ការផ្លាស់ប្តូរ និងបម្រែបម្រួលទម្លាប់ បុគ្គល និងសង្គមនេះមានឥទ្ធិពលលើស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលតម្រូវឱ្យមាន ការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រយុទ្ធនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ហើយបញ្ហា នេះបានធ្វើឱ្យប្រជាជនប្រឈមនឹងបញ្ហាថ្មីៗ ដែលបង្កការគំរាមកំហែងដល់សុខភាព និងសក្កានុ ពលនៃកំណើនសេដ្ឋកិច្ច។ ប្រសិនបើគ្មានការយកចិត្តទុកដាក់លើសុខភាព សន្តិសុខស្បៀង និង អាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិវឌ្ឍសេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការ ខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យា បាលជំងឺមិនឆ្លងនានា ដូចជាជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង ជាដើម។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានលើកឡើងយ៉ាងដូច្នេះថា៖ «រយៈពេល ២០ឆ្នាំកន្លងទៅនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមជាប្រធានក្រុមការងារបច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័ន ពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ធ្វើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាអាទិភាពនានា លើវិស័យសន្តិ សុខស្បៀងនិងអាហារូបត្ថម្ភ ដែលនាំឱ្យមានលទ្ធផលល្អប្រសើរឡើង។
ជាក់ស្តែង បើប្រៀបធៀបកាលពី ២០ឆ្នាំមុន ពីប្រទេសមានបញ្ហាអសន្តិសុខស្បៀង ឥឡូវបានក្លាយ ជាប្រទេសនាំស្បៀងចេញ ហើយពិន្ទុសន្ទទស្សន៍នៃភាពអត់ឃ្លានសកលបានធ្លាក់ចុះពី ៤៣.៥% នៅឆ្នាំ២០០០ មកត្រឹម ២០.៦% នៅឆ្នាំ២០២០, បញ្ហាក្រិសក្រិនកុមារអាយុក្រោម ៥ឆ្នាំ បានធ្លាក់ ចុះពី ៥០% នៅឆ្នាំ២០០០ មកត្រឹម ២២% នៅឆ្នាំ២០២២, អត្រាមិនគ្រប់ទម្ងន់បានធ្លាក់ចុះពី២៤% មកត្រឹម ១៦% ប៉ុន្តែអត្រាស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ មានតួលេខដដែលគឺ ៩.៨% ចាប់ពីឆ្នាំ ២០១៤ មកដល់ឆ្នាំ២០២១»។
ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានបញ្ជាក់ថា ដើម្បីបង្កើនវឌ្ឍនភាពស្តីពីការលើក កម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យមានការរីកចម្រើនជាប្រព័ន្ធ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ដោយប្រើប្រាស់កាលានុប្បវត្តភាពនៃសន្តិភាព និងស្ថិរភាព នយោបាយ ដើម្បីបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំ ឈានទៅសម្រេចបានចក្ខុវិស័យ ស្តីពីប្រព័ន្ធ ស្បៀងឆ្នាំ២០៣០ តាមរយៈការចូលរួមយ៉ាងសកម្ម នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរ ជាតិនានា ទាំងក្នុងតំបន់ និងសកលលោក។ រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បីលើកកម្ពស់ វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សូមអំពាវនាវគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន សូមចូលរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បង្កើនការខិតខំ ប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនៅក្នុងផែនទី បង្ហាញផ្លូវ ស្តីពីផែនការសកម្មភាពសកល ដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ, យុទ្ធ សាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ លើកទី២ ឆ្នាំ២០១៩-២០២៣ និងឯកសារ គតិយុត្តិនានា៕