សម្តេចតេជោ ហ៊ុន សែន ប្រាប់មន្ត្រីជាន់ខ្ពស់បក្សកុម្មុនិស្តវៀតណាមថា ការពង្រឹងកិច្ចសហប្រតិបត្តិ ការខេត្តជាប់ព្រំដែន ជាកិច្ចការអាទិភាព


 (ភ្នំពេញ)៖ ក្នុងនាមជាប្រមុខបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់មន្ត្រីជាន់ខ្ពស់ បក្សកុម្មុយនិស្តវៀតណាមថា ការជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនរវាងកម្ពុជា និង វៀតណាម គឺជាកិច្ចការមួយអាទិភាព។ ជាពិសេសបញ្ហាសន្តិសុខ ដោះស្រាយលំហូរទំនិញ សម្រួល ការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ មានដូចជាការជួញដូរខុសច្បាប់ រត់ពន្ធគ្រឿងញៀន និងរត់ពន្ធមនុស្សជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យលោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការរបស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនវ លោក វ៉ូ បាន ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំវៀតណាម ជូនសម្តេចតេជោ និងបានវាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍របស់កម្ពុជា។

លោក វ៉ូ បានបញ្ជាក់ថា ដំណើរមកកាន់កម្ពុជារបស់លោក និងគណៈប្រតិភូនាពេលនេះ គឺចំខួប ៥៥ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម និងខួប ៤៥ឆ្នាំនៃដំណើរឆ្ពោះទៅការវាយផ្តួលរំលំ របបប្រល័យពូជសាស្ត្រប៉ុលពត។

លោក វ៉ូ បានជម្រាបសម្តេចតេជោផងដែរថា ទិសដៅសំខាន់របស់លោក និងគណៈប្រតិភូមកកាន់ កម្ពុជានាពេលនេះ គឺជំរុញពង្រីក និងពង្រឹងទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរឱ្យកាន់តែខ្លាំង ឡើង។ លោក វ៉ូ ក៏បានលើកឡើងនូវបញ្ហាអាទិភាពមួយចំនួន ដែលលោកចង់ឱ្យយកចិត្តទុកដាក់ ទាំងក្នុងក្របខណ្ឌបក្ស និងរវាងរដ្ឋាភិបាលទាំងពីរ។ បញ្ហាដែលមន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តវៀតណាម ចង់ឱ្យយកចិត្តទុកដាក់នោះរួមមាន៖ ជំរុញទំនាក់ទំនងរវាងបក្ស និងបក្សឱ្យកាន់តែស៊ីជម្រៅ និងមានភាពជាក់ស្តែង, ជំរុញការផ្លាស់ប្តូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំបក្សទាំងពីរ, ជំរុញទំនាក់ទំនងរាជធានីភ្នំពេញ និងរដ្ឋធានីរបស់វៀតណាម ក៏ដូចជារវាងខេត្ត និងខេត្តប្រទេសទាំងពីរ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និង សន្តិសុខ, ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ និងពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិ ការក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានគាំទ្រទៅលើសំណើរបស់លោក វ៉ូ ដែលបានលើកឡើងខាងលើនេះ៕