(ភ្នំពេញ)៖ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយក ដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តវិធានការ ផ្លូវច្បាប់ ចំពោះសហគ្រាស ដែលមិនបានអនុវត្តត្រឹមត្រូវ តាមវិធានវិក្កយបត្រ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម គង់ វិបុល ដឹកនាំកិច្ចប្រជុំបូកសរុប លទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងសម្រាប់រយៈពេល៩ខែ ឆ្នាំ២០២២ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងដំណាក់កាលនេះ អគ្គនាយកដ្ឋានពន្ធដារអនុវត្ត ដោយទន់ភ្លន់ ដោយផ្សព្វផ្សាយ និងណែនាំ ហើយឆាប់ៗខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារ នឹង អនុវត្តវិធានការផ្លូវច្បាប់ ចំពោះសហគ្រាស ដែលមិនបានអនុវត្តត្រឹមត្រូវ តាមវិធានវិក្កយបត្រ»។
ទន្ទឹមគ្នានេះ ឯកឧត្តម គង់ វិបុល ក៏បានជំរុញឲ្យបង្កើនការផ្សព្វផ្សាយ អំពីការអនុវត្តវិធានវិក្កយបត្រ ដល់អ្នកជាប់ពន្ធ និងជំរុញឲ្យអ្នកជាប់ពន្ធ និងសហគ្រាសទាំងអស់ អនុវត្តឲ្យបានត្រឹមត្រូវ នូវការ ចេញវិក្កយបត្រស្រប តាមវិធានវិក្កយបត្រផងដែរ។
ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ពន្ធដារដឹងថា តើសហគ្រាសណាខ្លះ ចេញវិក្កយបត្រត្រឹម ត្រូវតាមវិធានវិក្កយបត្រ និងខ្លះមិនទាន់បានចុះបញ្ជីពន្ធដារផង ដោយសារយើងមានកម្មវិធី វិក្កយបត្រនាំសំណាង ដែលចាប់តាំងពីការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មកទទួលបានការចូលរួម និងគាំទ្រពីសាធារណជនទូទៅយ៉ាងខ្លាំង។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានមាន ចំនួន១០ ៩០៨.១៩ប៊ីលានរៀល ឬប្រមាណជា ២ ៦៩៣.៣៨ លានដុល្លារ ស្មើនឹង ៩៥.៥៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ កើនឡើង ចំនួន ២ ៣៥១.០៧ ប៊ីលានរៀល ឬប្រមាណជា ៥៨០.៥១ លានដុល្លារ ដែលស្មើនឹង ២៧.៥០ %។ដោយឡែក ការប្រមូលចំណូល ក្នុងខែកញ្ញា ឆ្នាំ២០២២ មានចំនួន ១ ០២៨.៩៥ ប៊ីលានរៀល ឬប្រមាណជា ២៥៤.០៦ លានដុល្លារ ស្មើនឹង ៩.០១% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកញ្ញា ឆ្នាំ២០២១ កើនឡើង ចំនួន ២១២.២១ ប៊ីលានរៀល ឬប្រមាណជា ៥២.៤០ លានដុល្លារ ស្មើនឹង ២៥.៩៨%៕