អាជ្ញាធរថៃ បណ្តេញអ្នកកាសែត CNN ពីររូប ក្រោយបំពានបម្រាមចូលថតក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងការវាយប្រហារកាលពីសប្តាហ៍មុន

(បាងកក)៖ ការិយាល័យអន្តោប្រវេសន៍ថៃ បានសម្រេចដកទិដ្ឋាការអ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ពីររូប បន្ទាប់ពីពួកគេបានបំពានបម្រាមចូលទៅក្នុងមជ្ឈមណ្ឌលថែទាំកុមារ ដែលរងនូវការបាញ់ប្រហារដ៏ធំមួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីកាសែត បាងកក ប៉ុស្ត (Bangkok Post) នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
អ្នកកាសែតរបស់ CNN ទាំង២រូប មានគឺនាង អាន់ណា ម៉ាកហ្គឺរីត កូរិន (Anna Marguerite Coren) អាយុ៤៧ ឆ្នាំ មានសញ្ជាតិអូស្ត្រាលី និង លោក ដាយនីញ៉េល ចនហ៊ូត (Daniel John Hodge) អាយុ៣៤ឆ្នាំ សញ្ជាតិអង់គ្លេស ដែលជាអ្នកកាន់កាមេរ៉ា។ ក្លិបអ្នកឆ្លើយឆ្លងសារព័ត៌មានបរទេសប្រទេសថៃ និងសមាគមអ្នកកាសែតថៃ បានចាត់ទុកថាទង្វើរបស់អ្នកកាសែតទាំង២នាក់ គឺគ្មានវិជ្ជាជីវៈ និងផ្ទុយទាំងស្រុងពីក្រមសីធម៌អ្នកសារព័តមាន។
ស្នងការរងនៃការរិយាល័យអន្តោប្រវេសន៍ថៃ លោក អាឆាយុន គ្រៀតហុង (Achayon Kraithong) បានឲ្យដឹងថា ទិដ្ឋាការរបស់អ្នកកាសែតទាំងពីររូបនេះផុតសុពលភាព ដូច្នេះពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើការក្នុងប្រទេសថៃទៀតឡើយ។ ចំណែក CNN កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានឲ្យដឹងថា ខ្លួនបានដកសេចក្តីរាយការណ៍ចេញពីគេហទំព័រ ប៉ុ​ន្តែបានទទួលស្គាល់ថាអ្នកកាសែតរបស់ខ្លួន បានប្រព្រឹត្តខុស។
គួរបញ្ជាក់ថា ក្រោយពីមានករណីបាញ់ប្រហារ និងកាប់សម្លាប់រង្គាលក្នុងមណ្ឌលថែទាំកុមារ ក្នុងស្រុកណាក្លាង (Na Klang) ខេត្តណងប៊ូឡាំភូ (Nong Bua Lam Phu) កាលពីថ្ងៃទី៨ ខែតុលា អាជ្ញាធរថៃ បានដាក់ទីតាំងនេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលឃុំ៕