CNN សុំទោសជាសាធារណៈចំពោះករណីបំពានចូលថតរូបវីដេអូរបស់អ្នកកាសែត២នាក់ ក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារដែលរងការវាយប្រហារ

(វ៉ាស៉ីនតោន)៖ ទូរទស្សន៍ CNN បានធ្វើការសុំទោសជាសាធារណៈកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ចំពោះសកម្មភាពនៃអ្នកកាសែតរបស់ខ្លួន ដែលបានបំពានបម្រាមចូលថតរូបវិដេអូ ក្នុងមជ្ឈមណ្ឌលមើលថែទាំកុមារដែលរងនូវការវាយប្រហារ​ដោយគ្មានការអនុញ្ញាត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Spunik នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
អគ្គស្នងការរងនគរបាលជាតិថៃ លោក ស៊ូរ៉ាឆាត់ ហាកប៉ើន (Surachat Hakparn) បាននិយាយថា អ្នកសារព័ត៌មាន CNN ទាំង២រូបនេះ ត្រូវជាប់ការផាកពិន័យ បន្ទាប់ពីអាជ្ញាធររកឃើញថាពួកគេចូលមកធ្វើការក្នុងប្រទេសថៃ ដោយទិដ្ឋាការទេសចរណ៍ ហើយបានប្រព្រឹត្តខុសដោយការលួចចូលក្នុងមណ្ឌលថែទាំកុមារ ក្នុងស្រុកណាក្លាង ខេត្តណងប៊ូឡាំភូ ដែលរងការវាយប្រហារកាលពីសប្តាហ៍មុន។
លោក ហាកប៉ើន បាននិយាយថា ពួកគេម្នាក់ៗបានយល់ព្រមបង់ប្រាក់ពិន័យចំនួន៥,០០០បាត ឬ១៣៣ដុល្លារ ហើយចាកចេញពីប្រទេស។ អ្នកកាសែតទាំង២រូបនេះ បានទទួលស្គាល់កំហុស ខណៈអនុប្រធានប្រតិបត្តិរបស់ CNN International និងជាអ្នកគ្រប់គ្រងទូទៅ លោក ម៉ាយ ម៉េកខាតធី (Mike McCarthy) ក៏បានធ្វើការសុំទោសលើការប្រព្រឹត្តខុសនៃអ្នកកាសែតរបស់ខ្លួននេះដែរ។
គួរបញ្ជាក់ថា ករណីសម្លាប់រង្គាលដ៏អាក្រក់នេះ បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយ៉ាងទូលំទូលាយ លើទីក្រុងអូថៃ សាវ៉ាន់ (Uthai Sawan) ជាទីក្រុងតូចមួយស្ថិត នៅភាគឦសានប្រទេសថៃ។ គិតត្រឹមថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនធំនៅតែបន្តរាយការណ៍ពីកន្លែងកើតហេតុ៕