លោក គីម ជុងអ៊ុន ចុះពិនិត្យផ្ទាល់ លើការហ្វឹកហ្វឺនយោធានុយក្លេអ៊ែរកូរ៉េខាងជើង

(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំអង្គភាពប្រតិបត្តិការនុយក្លេអ៊ែរធ្វើសមយុទ្ធនាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធកងទ័ពជើងទឹកទ្រង់ទ្រាយធំ របស់កងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានបង្កើនភាពតានតឹងក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលផ្លោងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះជាការបញ្ជូនសារដ៏រឹងមាំដើម្បីរារាំងសង្គ្រាម ហើយកំណត់គោលដៅអាកាសយានដ្ឋានរបស់សត្រូវ និងកំពង់ផែសំខាន់ៗ។ ការដែលកូរ៉េខាងជើងសម្រេចចិត្តធ្វើសមយុទ្ធនេះ គឺជាការឆ្លើយតបដែលមិនអាចជៀសបានចំពោះការចល័តទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូងក្នុងទ្រង់ទ្រាយធំ រួមទាំងនាវាផ្ទុកយន្តហោះ និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាដើម។
KCNA បានដកស្រង់សំដីលោករបស់ លោក គីម ដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាសត្រូវនៅតែបន្តនិយាយអំពីកិច្ចសន្ទនា និងការចរចាក៏ដោយ ប៉ុន្តែយើងមិនមានអ្វីត្រូវនិយាយទេ ហើយក៏មិនមានអារម្មណ៍ថាត្រូវការធ្វើដូច្នេះដែរ»៕