កូរ៉េខាងជើង ថាមិនដែលផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីឡើយ ខណៈផ្ដាំឱ្យអាមេរិកបិទមាត់


 (សេអ៊ូល)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងថាខ្លួនមិនដែលបាន ផ្គត់ផ្គង់សព្វាវុធ ឬគ្រាប់រំសេវដល់រុស្ស៊ី ហើយក៏មិនមានគម្រោងធ្វើដូច្នេះដែរ ខណៈបានព្រមានសហ រដ្ឋអាមេរិកឲ្យ «បិទមាត់របស់ខ្លួន» និងបញ្ឈប់ការផ្សព្វផ្សាយពាក្យចចាមអារ៉ាមដែលមានបំណង  «ធ្វើឲ្យខូចមុខមាត់» ប្រទេស របស់ខ្លួន។

ដោយដកស្រង់សម្តីរបស់មន្រ្តីការពារជាតិកូរ៉េខាងជើងម្នាក់ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាន រាយការណ៍ដូច្នេះថា «ថ្មីៗនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានលើកឡើងពីការរំលោភលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយការផ្សព្វផ្សាយពាក្យចចាម អារ៉ាមស្តីពីការជួញដូរអាវុធ រវាងកូរ៉េខាងជើង និងរុស្ស៊ី…ប៉ុន្តែយើងមិនដែលនាំចេញអាវុធ ឬ រំសេវទៅ រុស្ស៊ីពីមុនមកនោះទេ ហើយយើងក៏មិនមានគម្រោងក្នុងការនាំចេញដែរ»

គួរបញ្ជាក់ថា អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក វ៉េឌេន ផាធែល (Vedant Patel) កាលពីដើមខែកញ្ញានេះ បាននិយាយថា រុស្ស៉ីកំពុងស្ថិតក្នុង ដំណើរការទិញគ្រាប់រុក្ក៉ែត និងគ្រាប់កាំ ភ្លើងធំរាប់លានគ្រាប់ពីកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន។ ប៉ុន្តែអ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក ចន ខឺប៊ី បានកត់សម្គាល់ថា រហូតមកដល់ ពេលនេះគ្មានភស្តុតាងណាមួយបញ្ជាក់ថាដំណើការទិញនេះត្រូវបានសម្រេចរួចរាល់ ឬយ៉ាងណាទេ ហើយក៏គ្មានការអះអាងណាមួយបង្ហាញថាអាវុធទាំងនេះត្រូវបានប្រើប្រាស់នៅអ៊ុយក្រែននោះដែរ៕