លោក ហ្សេលេនស្គី ទាមទារឲ្យផ្តន្ទាទោស និងដកសិទ្ធិវេតូរបស់រុស្ស៉ី នៅក្រុមប្រឹក្សាសន្តិសុខ UN


 (កៀវ)៖  តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែ កញ្ញា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទាមទារឲ្យមានតុលាការពិសេសមួយរបស់អង្គការសហប្រជាជាតិ ដើម្បីផន្ដន្ទាទោសលើ លើ រុស្ស៊ីចំពោះការឈ្លានពានប្រទេសរបស់លោក គួបផ្សំជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដកហូត អំណាចវេតូរបស់រុស្ស៉ី នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ផងដែរ។

ការទាមទាររបស់ប្រធានាធិបតីអ៊ុយក្រែនខាងលើនេះ ធ្វើឡើងក្នុងសុន្ទរកថាជាវីដេអូទៅកាន់មេ ដឹកនាំពិភពលោក ដែលកំពុងជួបប្រជុំគ្នានៅឯមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃពុធ សប្តាហ៍នេះ ចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យមានការកែនទ័ព ប្រហែល ៣០០,០០០នាក់ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន។

លោក ហ្សេលេនស្គី បានប្រាប់សមាជិក UN ទាំងអស់យ៉ាងដូច្នេះថា «ឧក្រិដ្ឋកម្មមួយត្រូវបានប្រព្រឹត្ត ប្រឆាំងនឹងអ៊ុយក្រែន ហើយយើងទាមទារឲ្យមាន ការផ្តន្ទាទោស។ តុលាការពិសេសមួយគួរតែត្រូវបានបង្កើតឡើងដើម្បីផ្តន្ទាទោសរុស្ស៊ី ចំពោះឧក្រិដ្ឋកម្មឈ្លានពាន ប្រឆាំងនឹងប្រទេសរបស់យើង…»
ជាមួយគ្នានេះលោក ហ្សេលេនស្គី ក៏បានជំរុញជាថ្មីឲ្យអង្គការសហប្រជាជាតិ «ដកសិទ្ធិវេតូ» របស់ រុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសន្តិសុខនេះផងដែរ៕