លោក បៃដិន ចោទលោក ពូទីន ថាគ្មានការទទួលខុសត្រូវ ក្រោយគំរាមប្រើអាវុធនុយក្លេអ៊ែរ


 (យូអិន)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្តាហ៍នេះបាន ចោទប្រកាន់រុស្ស៉ីថាគ្មានទំទួលខុសត្រូវទាល់តែសោះជុំវិញការគំរាមជាថ្មីពី ការប្រើប្រាស់អាវុធនុយ ក្លេអ៊ែរ ជាមួយការសង្កត់ធ្ងន់ថាទីក្រុងមូស្គូ បានបំពានគោលការណ៍ស្នូលនៃសមាជិកភាពរបស់ អង្គការសហប្រជាជាតិ (UN) ដោយ ការឈ្លានពានអ៊ុយក្រែន។

ថ្លែងទៅកាន់អង្គមហាសន្និបាត UN លោក បៃដិន បានថ្កោលទោសប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន សម្រាប់ការបង្កសង្រ្គាមដោយគ្មានហេតុផល ស្របពេលដែលសមាជិក UN ប្រមាណ ៤០ប្រទេស កំពុងជួយអ៊ុយក្រែនប្រយុទ្ធ តាមរយៈការផ្តល់ថវិកា និងអាវុធ។ កាលពីព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) លោក ពូទីន បានបញ្ជាឲ្យមានការកែនទ័ពរុស្ស៉ីដើម្បីទៅប្រយុទ្ធ នៅអ៊ុយក្រែន និងបានគំរាមប្រើប្រាស់នុយក្លេអ៊ែរដើម្បីការពារប្រទេស នោះជាអ្វីដែលអង្គការណាតូ ចាត់ទុកថា ជាទង្វើគ្មានការប្រុងប្រយ័ត្នដ៏គ្រោះថ្នាក់។

លោក បៃដិន បានគាំទ្រសេចក្តីថ្លែងការណ៍របស់អង្គការណាតូខាងលើនេះ ដោយសង្កត់ធ្ងន់ថា  «ជាថ្មីម្តងទៀត, នៅថ្ងៃនេះ លោកប្រធានាធិបតី ពូទីន បានធ្វើ ការគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំង នឹងអឺរ៉ុប ដោយមិនខ្វល់អំពីទំនួលខុសត្រូវចំពោះកិច្ចព្រមព្រៀងមិនរីកសាយភាយនុយក្លេអ៊ែរ។ សង្រ្គាមនុយក្លេអ៊ែរ នឹងមិនអាចមានអ្នកឈ្នះឡើយ ហើយវាក៏មិនត្រូវឲ្យកើតមានឡើងនោះដែរ»