(យូអិន)៖ យោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា ក្រុមរដ្ឋមន្រ្តីការរបទេសសហភាពអឺរ៉ុប នៅថ្ងៃពុធសប្តាហ៍នេះបាន ព្រៀមព្រៀង ដើម្បីរៀបចំកញ្ចប់ទណ្ឌកម្មថ្មីលើរុស្ស៉ី និងបង្កើនការបញ្ចូនអាវុធទៅឲ្យ ទីក្រុងកៀវ បន្ទាប់ពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ចេញបញ្ជាឲ្យកែនកងទ័ពបន្ថែមជាលើកដំបូងគិតចាប់ តាំងពីសង្រ្គាមលោកលើកទី២។
រដ្ឋមន្រ្តីការបរទេសទាំង២៧ នៃសហភាពអឺរ៉ុប កំពុងស្ថិតនៅក្នុងទីក្រុងញូវយ៉ក សម្រាប់កិច្ចប្រជុំ ប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិ។ ប្រមុខគោលនយោបាយការបរទេស EU លោក ចូសែប បូរ៉ែល (Josep Borrell) បាននិយាយថា បទបញ្ជារបស់លោក ពូទីន ដែលរួមបញ្ចូលនូវការបញ្ជូនកងទ័ព បន្ថែមតំបន់ក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៉ីគ្រោងនឹងធ្វើប្រជាមតិ និងការគំរាមប្រើនុយក្លេអ៊ែរដើម្បីការពារប្រទេសរុស្ស៉ីនោះ បាន បង្ហាញពីភាពភ័យស្លន់ស្លោ និងភាពអស់សង្ឃឹម។ លោក បូរ៉ែល បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ ពីកិច្ចប្រជុំក្រុមរដ្ឋមន្រ្តី យ៉ាងដូច្នេះថា «វាច្បាស់ណាស់ថា លោក ពូទីន កំពុងព្យាយាម បំផ្លាញ អ៊ុយក្រែន»។
ក្រុមរដ្ឋមន្រ្តីសហភាពអឺរ៉ុប បានយល់ព្រមក្នុងការរៀបចំកញ្ចប់ទណ្ឌកម្មទី៨ ដែលនឹងផ្តោតលើវិស័យ ពាក់ព័ន្ធបន្ថែមទៀតនៃសេដ្ឋកិច្ចរុស្ស៉ី និងបន្តកំណត់គោលដៅ លើអ្នកទទួលខុសត្រូវចំពោះសង្រ្គាម នៅអ៊ុយក្រែន។ រដ្ឋមន្រ្តីសហភាពអឺរ៉ុប នឹងបើកកិច្ចប្រជុំផ្លូវការនៅពាក់កណ្តាលខែតុលា ខាងមុខ ក្រោយពេលដែល កញ្ចប់ទណ្ឌកម្មអាចសម្រេចបាន។
រដ្ឋមន្រ្តីសហភាពអឺរ៉ុប ក៏បានយល់ព្រមក្នុងការបង្កើនការផ្តល់អាវុធដល់ទីក្រុងកៀវផងដែរ។ ប៉ុន្តែ លោក បូរ៉ែល បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពី ប្រភេទនៃកញ្ចប់ទណ្ឌកម្មទី៨នេះ ឬការ គាំទ្រផ្នែកយោធាណាមួយឡើយ៕