គណៈកម្មការអឺរ៉ុប ស្នើឲ្យផ្អាកការផ្តល់មូលនិធិចំនួន ៧.៥ពាន់លានអឺរ៉ូ ដល់ប្រទេសហុងគ្រី


 (អឺរ៉ុប)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន DW របស់អាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ស្នងការថវិកា លោក Johannes Hahn បាននិយាយថា គណៈកម្ម ការអឺរ៉ុបនៅថ្ងៃអាទិត្យនេះ បានផ្តល់អនុសាសន៍ឱ្យផ្អាកការផ្តល់មូលនិធិចំនួន ៧.៥ពាន់លានអឺរ៉ូដល់ ប្រទេសហុងគ្រី។

លោក Hahn បាននិយាយថា សំណើនេះធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការចោទប្រកាន់ពីបទអំពើ ពុករលួយ និងការរំលោភលើនីតិរដ្ឋ របស់រដ្ឋាភិបាលដឹកនាំដោយ លោក Victor Orban។

លោក Hahn បាននិយាយយ៉ាងដូច្នេះថា «ការសម្រេចចិត្តនៅថ្ងៃនេះបង្ហាញយ៉ាងច្បាស់ពី ការប្តេជ្ញា ចិត្តរបស់គណៈកម្មាការ ក្នុងការការពារថវិកាសហភាពអឺរ៉ុប និងដើម្បីប្រើប្រាស់ឧបករណ៍ទាំងអស់ ដែលខ្លួនមាន ដើម្បីធានាបាននូវគោលបំណងដ៏សំខាន់នេះ»

ប្រសិនបើរដ្ឋជាសមាជិកសហភាពអឺរ៉ុបភាគច្រើនគាំទ្រសំណើនេះ វិធានការនេះនឹងប៉ះពាល់ដល់អ្វី ដែលគេហៅថាមូលនិធិរួមរបស់ប្រទេសហុងគ្រី ដែលមានបំណងជួយសេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធរបស់ប្រទេសសហភាពអឺរ៉ុប ឱ្យស្របតាមស្តង់ដារសហភាពអឺរ៉ុប៕