សកម្មជនសិទ្ធិមនុស្ស ព្រមានគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រទេសស៊ូដង់ខាងត្បូងកំពុងស្ថិតនៅមាត់ជ្រោះ នៃសង្គ្រាមស៊ីវិលដែលមិនអាចជៀសរួច


 (ញូវយ៉ក)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ គឺ សកម្មជនស្ត្រី លោកស្រី Lilian Riziq បានព្រមាននៅក្នុងកិច្ចប្រជុំមួយរបស់ក្រុម ប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រថា ការបរាជ័យនៃដំណើរការសន្តិភាព ស៊ូដង់ខាងត្បូង និងការពន្យារពេលជាបន្តបន្ទាប់ នៃរយៈពេលអន្តរកាល នឹងនាំទៅដល់ការរងទុក្ខ វេទនារបស់ជនស៊ីវិល និងការផ្ទុះឡើងនៃសង្រ្គាមស៊ីវិលដែលមិនអាចជៀសរួច។

លោកស្រី Riziq ប្រធានបណ្តាញពង្រឹងអំណាចស្ត្រីស៊ូដង់ខាងត្បូង បាននិយាយថា «(នេះគឺ)បួនឆ្នាំ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០១៨…កិច្ចព្រមព្រៀងដែលចែករំលែកអំណាចនោះ មិនបានបញ្ចប់អំពើហិង្សា ឬណែនាំកំណែទម្រង់ចាំបាច់នោះទេ។ ស្ថានភាពនៅស៊ូដង់ខាងត្បូងគឺមិនមាននិរន្តរភាពទេ»

លោកស្រី Riziq បានបន្តថា ប្រទេសទាំងមូលកំពុងបែកបាក់ ភាពអសន្តិសុខ និងការបង្ខំឱ្យផ្លាស់ទី លំនៅរបស់ជនស៊ីវិលកើតមានស្ទើគ្រប់ទីកន្លែង ខណៈស្ត្រី និងកុមារីត្រូវរងនូវអំពើហិង្សាផ្លូវភេទ ជាប្រចាំ៕