ឯកឧត្តម ប៉ាន សូរស័ក្តិ ចូលរួមថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី «ការជំរុញវិស័យហរិញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការធ្ចើពាណិជ្ជកម្មស្មោះត្រង់»


 (សៀមរាប)៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ  នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២២ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាបើកកិច្ចសន្ទនា Siem Reap Policy Dialogue ស្តីពី «ការជំរុញ វិស័យហរិញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងការធ្ចើពាណិជ្ជកម្មដោយស្មោះត្រង់» ដែល ជាព្រឹត្តិការណ៍ អមមួយនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ សហ ការរៀបចំដោយ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាព អឺរ៉ុប។ កម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកអគ្គ រដ្ឋទូត សហភាពអឺរ៉ុបប្រចាំអាស៊ាន រួមទាំងសមាជិកនៃសភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ សរុប ប្រមាណ ៨០នាក់។

ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធី ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា និងដៃគូពាក់ព័ន្ធ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចកម្ពុជា ក៏ដូចជាចូលរួម លើកកម្ពស់ទំនាក់ទំនង និងភាពជាដៃគូសន្ទនារវាងតំបន់អាស៊ាននិងសហភាពអឺរ៉ុប តាមរយៈការ ផ្តល់ហិរញ្ញប្បទាន ការគាំទ្របច្ចេកទេស និងការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្ម-ធុរកិច្ច។ល។

ឯកឧត្តម រដ្ឋមន្រ្តី បានបន្តថា ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងសហការជាមួយប្រទេសសមាជិក និងដៃគូក្នុងការជម្រុញ សមាហរណកម្មតំបន់និងសកល ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ ដែលរួមបញ្ចូលផងដែរ ពីតួនាទីដ៏សំខាន់របស់វិស័យឯកជន មីក្រូសហគ្រាស សហគ្រាសខ្នាតតូច និងមធ្យម ដែលជា កត្តាលីករជំរុញការស្តារសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ និងបន្តកំណើនប្រកបដោយចីរភាពនិង បរិយាប័ន្ន។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្ដែងការកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ របស់ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងដៃគូរពាក់ព័ន្ធ ដ៏ទៃទៀត នាពេលកន្លងមក ក្នុងការរួបរួមគ្នាដោះស្រាយវិបត្តិនានា ក្នុង តំបន់ និងពិភពលោក ព្រមទាំង បានជូនពរឱ្យកិច្ចកិច្ចសន្ទនាថ្ងៃនេះ ទទួលបានជោគជ័យ ប្រកបផ្លែផ្លា ផងដែរ៕