(ភ្នំពេញ)៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមវេទិកាអាស៊ាន-ចិន លើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យសុខាភិបាល តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
ក្នុងវេទិកាសុខាភិបាលអាស៊ាន-ចិននេះ ឯកឧត្តម រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានលើកឡើងពីភាពជោគ ជ័យរបស់កម្ពុជា លើការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់ ប្រកបដោយគតិបណ្ឌិតដ៏ ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងពេញទំហឹង និងត្រៀមខ្លួនជាស្រេចជាមួយសមាជិក អាស៊ានទាំងអស់ និងចិន ក្នុងការកសាងសុវត្ថិភាព សុខភាពកាន់តែប្រសើរឡើងសម្រាប់តំបន់។
សាធារណរដ្ឋប្រជាមានិតចិន តែងតែរៀបចំវេទិកានេះ ជាទៀងទាត់រៀងរាល់ពីរឆ្នាំម្តង នៅទីក្រុង ណាននីង ខេត្តក្វាងស៊ី តែដោយស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ វេទិកាឆ្នាំនេះត្រូវបាន រៀបចំតាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដែលមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលប្រទេសសមាជិក អាស៊ានទាំង១០ និងរដ្ឋមន្ត្រីនៃគណៈកម្មាធិការសុខាភិបាល សាធារណរដ្ឋប្រជាមានិតចិន និងប្រតិ ភូអម។ វេទិកាអាស៊ាន-ចិននេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹង ព្រមទាំងកំណត់អាទិភាព នៃកិច្ចសហប្រតិបត្តិការរវាងអាស៊ានចិន ជាពិសេសប្រធាន បទឆ្នាំ២០២២នេះ ផ្តោតលើ «ការបង្កើនសុវត្ថិភាពសុខភាព កាន់តែប្រសើរឡើងសម្រាប់តំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើភាពធន់ នៃប្រព័ន្ធសុខាភិបាល ក្រោយវិបត្តិជំងឺកូវីដ-១៩»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ក្នុងពិធីបើកជាផ្លូវការនៃវេទិកាអាស៊ាន-ចិនលើកទី៤ ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដោយបានចែករំលែកនូវបទពិសោធន៍សំខាន់ៗ មានខ្លឹម សារដូចតទៅ៖
ទី១៖ ពិភពលោកបានឯកភាពគ្នា ក្នុងទិដ្ឋភាពគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដោយបានប្តេជ្ញាចិត្តថា «មិនត្រូវទុកនរណាម្នាក់ចោល ដោយមិនបានទទួលសេវាថែទាំសុខភាព ឡើយ»។ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីអនុវត្តមូលនិធិ សមធម៌សុខាភិបាល ដោយផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ ៣លាននាក់ ដែលជួបការលំបាកច្រើន ជាងគេ បានទទួលសេវាថែទាំសុខភាពមានគុណភាព និងមិនគិតថ្លៃ។
លើសពីនេះទៀត ចាប់តាំងពីឆ្នាំ២០១៩ មករាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគម្រោងគាំពារ សង្គម ដើម្បីគាំទ្រដល់ស្ត្រីមានផ្ទៃពោះក្រីក្រ ឱ្យទទួលបានសេវាសុខភាពមានគុណភាព តាមរយៈ ការផ្តល់សាច់ប្រាក់ ដល់ពួកគាត់អំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូត ទារកមានអាយុ២ឆ្នាំ។ ជាលទ្ធផលប្រទេសកម្ពុជាបានបោះជំហានទៅមុខយ៉ាងលឿន ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកកំណើនសេដ្ឋកិច្ច និងសូចនាករសុខភាពសំខាន់ៗ ដូចជាអាយុ សង្ឃឹមរស់ និងការធ្លាក់ចុះអត្រាមរណភាពទារក កុមារ និងមាតា។ ប្រទេសកម្ពុជាកំពុងឈានទៅមុខជាលំដាប់ ឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ជាមួយនឹងភាពប្រសើរឡើង គួរឱ្យកត់សម្គាល់នៃសេវាសុខភាពរបស់ខ្លួន។
ទី២៖ បន្ទាប់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩
ដូចប្រទេសជាច្រើនជុំវិញពិភពលោកដែរ កម្ពុជាត្រូវដោះស្រាយវិបត្តិកូវីដ-១៩
នឹងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសឱ្យងើបឡើងវិញ ព្រមទាំង ធានាភាពធន់នាពេលអនាគត
ជាក់ស្តែងយើងធ្វើបានល្អរហូតមកដល់បច្ចុប្បន្ននេះ។
ប្រទេសកម្ពុជាបានបើកដំណើរការប្រទេសឡើងវិញទាំងស្រុង
លើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយផ្អែកលើកត្តា៤យ៉ាង៖
១៖ ការចាក់វ៉ាក់សាំងដូសមូលដ្ឋានពេញលេញ ជូនប្រជាជន ៩៥% នៃប្រជាជនសរុប១៦លាននាក់
២៖ លទ្ធភាពទទួលបានការព្យាបាល និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព
៣៖ បទពិសោធន៍ក្នុងការគ្រប់គ្រង ឆ្លើយតបជំងឺកូវីដ-១៩ កើនឡើង
និង៤៖ ការយល់ដឹងរបស់សាធារណជន អំពីវិធីការពារការឆ្លងកូវីដ-១៩។ តាមរយៈគេហទំព័រ Nikkei Asia បានបង្ហាញថា កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសកំពូលមួយក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក ដោយផ្អែកលើសន្ទស្សន៍ Nikkei COVID-19 Recovery Index រួមមាន អត្រាចាក់វ៉ាក់សាំងខ្ពស់ជាងគេក្នុងពិភពលោក និងយុទ្ធសាស្ត្រ «រស់នៅតាមគន្លងប្រក្រតីភាព ថ្មីជាមួយកូវីដ-១៩»៕