សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីឡាវ


(ឡាវ)៖ នៅពេលបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតឡាវ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសមជាមួយ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយរដ្ឋ មន្ត្រីឡាវ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងរដ្ឋធានីវៀងច័ន្ទ។

លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ បានបង្ហាញក្តីសោមនស្សរីករាយ ដែលសម្តេចប្រធានរដ្ឋសភា បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា មកបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជា ធិបតេយ្យប្រជាមានិតឡាវ នាពេលនេះដែល បានឆ្លុះបញ្ចំាងពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិ ការយ៉ាងស្អិតរមួតរវាងប្រទេសទំាងពីរដែលមានតំាងពីយូរលុងមកនោះ។

លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា ទោះបីនៅក្នុងដំណាក់កាលជំងឺកូវីដ-១៩ រាតត្បាតយ៉ាង ណាក្តី ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជាឡាវ បានដំណើរការទៅដោយរលូន។ លោកបានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា លោកនិងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីកម្ពុជាតែងតែជួបគ្នាគ្រប់មធ្យោបាយដែលអាចជួបបានដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាបងប្អូនរវាងប្រទេសទំាងពីរឱ្យបានជាប្រចាំ។ រដ្ឋាភិបាលប្រទេសទំាងពីរបានកំពុងយកចិត្តទុកដាក់លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋនិងប្រជាជនពិសេសពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាប លោកនាយករដ្ឋមន្រ្តីពីគោលបំណង នៃដំណើរ ទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសយើង ទាំងពីរ កម្ពុជា-ឡាវ ដែលមានជាយូរមកហើយ ឱ្យកាន់តែរឹងមាំខ្លាំង ក្លាថែមមួយកម្រិតទៀត។

ជាមួយគ្នានេះ សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ មានការរីកចម្រើន ឥតឈប់ឈរ និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែល្អប្រសើរ ហើយកិត្យា នុភាព និងតួនាទីរបស់មិត្តឡាវកាន់តែត្រូវបានលើកកម្ពស់នៅលើឆាក អន្តរជាតិ៕