សម្តេចពិជ័យសេនា ទៀ បាញ់ លើកឡើងថា ទោះបីមានការរីករាលដាលជំងឺកូវីដ១៩ កងទ័ពកម្ពុជា-ឡាវ នៅតែបន្តសហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ


 (ឡាវ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃកម្ពុជា បានបញ្ជាក់ថា ទោះបីមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏កងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ នៅតែបន្តសហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សំដៅលើក កម្ពស់ទំនាក់ទំនងឱ្យដល់កម្រិតជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសំដៅពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូចនេះ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកិច្ច ប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិឡាវ ដែលបានប្រព្រឹត្តទៅនៅក្រសួងការពារជាតិឡាវ ទីក្រុងវៀងចន្ទ័ នាឱកាសដែល សម្តេចក្នុងឱកាសអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមាននិតឡាវ និងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ៣ ប្រទេសកម្ពុជា វៀតណាម ឡាវ នៅប្រទេសឡាវ។

សម្តេចពិជ័យសេនា ក៏បានបង្ហាញជំនឿជឿជាក់ថា នៅក្រោយអំឡុងពេលវិបត្តិជំងឺកូវីដ១៩ មាន ការធូរស្រាល ពិសេសក្រោយកិច្ចប្រជុំនាពេលនេះ ប្រទេសទាំងពីរ ពិតជាមានភាពចាំបាច់ ជាយុទ្ធ សាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អពង្រឹង ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិត ស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អ រវាងកម្ពុជា-ឡាវ ដែលជាគ្រឹះសម្រាប់នាំមកនូវការអភិវឌ្ឍលើគ្រប់ វិស័យ និងភាពសុខសាន្តរបស់ប្រទេសជាតិ ដោយបន្តខិតខំលើក កម្ពស់កិច្ចសហប្រតិបត្តិការ វិស័យការពារជាតិទាំងនយោបាយ សន្តិសុខ ការទំនាក់ទំនងការទូតយោធាឱ្យមានភាពប្រសើរឡើង ថែមទៀត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវ ពិសេសរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ ដែលជានិច្ច កាលតែងតែគាំទ្រ និង សហការល្អជាមួយរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា បានលើកកម្ពស់ចំណងសាមគ្គី ភាពជាបងប្អូន និងភាពជាដៃគូសហប្រតិបត្តិការ កងទ័ពប្រទេសទាំងពីរ កម្ពុជា-ឡាវ។

ក្នុងជំនួបនោះដែរនាយត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះសម្តេចពិជ័យសេនា ដែលបានដឹកនាំគណៈប្រតិភូ ក្រសួងការពារជាតិកម្ពុជា មកបំពេញ ទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីពង្រឹងចំណងមិត្តភាពជាប្រពៃណីដ៏ថ្លៃថ្លា រវាងរដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរ កម្ពុជា ឡាវ ជាបងប្អូន។

នាយឧត្តមសេនីយ៍ ក៏បានចាត់ទុកទស្សនកិច្ចនេះថា ជានិមិត្តរូបដ៏សំខាន់ក្នុងការរួមចំណែកដ៏ធំធេង ក្នុងការពូនជ្រុំនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ កងទ័ពទាំងពីរ និងប្រជា ជនប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេសលើវិស័យការពារជាតិ ការងារសន្តិសុខ នៃកងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍ ចាន់សាម៉ន ចាន់ញ៉ាឡាត ក៏បានសំដែងការគាំទ្រចំពោះកម្ពុជាដែលបានធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងបានខិតខំដោះស្រាយបញ្ហាផ្សេងៗ ជាច្រើន ដែលបានកើតឡើង នៅក្នុងអាស៊ាននាពេលកន្លងមកនេះ។ ក្នុងនាមរដ្ឋាភិបាល និងកងទ័ពប្រជាជនឡាវ លោកក៏ថ្លែង អំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់ឡាវ នាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅប្រទេសឡាវ។

សូមបញ្ជាក់ដែរថា នៅក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ និងនាយឧត្តមសេនីយ៍ ចាន់ សាម៉ន ចាន់ញ៉ាឡាត ក៏បានធ្វើជាគណៈអធិបតី ក្នុងពិធិចុះហត្ថលេខា លើពិធីសារកិច្ចសហប្រតិ បត្តិការរវាងក្រសួងការពារជាតិប្រទេសទាំងពីរ កម្ពុជា-ឡាវ ផងដែរ៕