មន្រ្ដីជាន់ខ្ពស់ធនាគារជាតិ អំពាវនាវក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជន ជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរបស់ខ្លួន


 (កំពង់ធំ)៖ លោកជំទាវ បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស នៃ ធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន ព្រមទាំងគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទាំងអស់ ជំរុញការប្រើប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជាការបិទស្លាក់ទំនិញ ជាប្រាក់រៀល ឬការទូរទាត់ជាប្រាក់រៀលជាដើម។

ការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីប្រាក់រៀល រៀបចំឡើងនៅក្នុងខេត្តកំពង់ធំនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

លោកជំទាវបណ្ឌិត ជា សិរី បានអំពាវនាវថា «សូមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើ ប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការរបស់ខ្លួនដូចជា ការទូទាត់, ការបិទស្លាកតម្លៃទំនិញ និងការសន្សំ ជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះ ឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀល ទាំងអស់គ្នា ដូចពាក្យស្លោកមួយគ្រប់ដណ្តប់ជារួមពីអត្ថន័យ នៃសារៈសំខាន់របស់ប្រាក់រៀលថា ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច»

លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងថា ក្នុងស្មារតីគាំទ្រការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់ តែមានភាពងាយស្រួល និងសុវត្ថិភាព ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាបន្តបន្ទាប់ ទន្ទឹមនឹងវិធានការគាំទ្រផ្សេងទៀត។

ក្នុងចំណោមប្រព័ន្ធទូទាត់នានា ប្រព័ន្ធបាគង បានប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ប្លុកឆែន និងត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកាលពីឆ្នាំ២០២០ ដែលបានសម្រួលដល់ការទូទាត់ជា ប្រាក់រៀល ឱ្យកាន់តែមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។

លោកជំទាវបណ្ឌិតបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានអភិវឌ្ឍស្តង់ដារ ខេអេចឃ្យូអរកូដ (KHQR) សំដៅពង្រឹងប្រសិទ្ធភាព និងសុវត្ថិភាពនៃប្រតិបត្តិការទូទាត់ក្នុងស្រុក និងបានតភ្ជាប់ប្រព័ន្ធទូទាត់ ជាមួយបណ្តាប្រទេសអាស៊ានមួយចំនួនដូចជា ប្រទេសថៃ និងម៉ាឡេស៊ី ដើម្បីលើកកម្ពស់ការប្រើ ប្រាស់ប្រាក់រៀល ក្នុងប្រតិបត្តិការទូទាត់ឆ្លងប្រទេស។ ក្រៅពីនេះការគ្រប់គ្រងចរាចរណ៍ប្រាក់រៀល ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការប្រាក់រៀល តាមតំបន់នានានៅទូទាំង ប្រទេស ហើយក្រដាសប្រាក់ចាស់ ទក់ រហែកត្រូវបានប្រមូលជាប្រចាំ និងជំនួសមកវិញដោយ ក្រដាសប្រាក់រៀលថ្មីគ្រប់ប្រភេទ។

លោកជំទាវបានបន្ដថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦ភាគរយ ប្រាក់បញ្ញើជារៀលកើន២៩ភាគរយ និងឥណទានជារៀលកើន៣៨ភាគរយជាមធ្យម ក្នុង១ឆ្នាំ។

លោកជំទាវបណ្ឌិតបញ្ជាក់ថា «បើគិតក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ វត្តមានរបស់ប្រាក់រៀលបាន រួមចំណែកយ៉ាងសំខាន់ ក្នុងការស្តារ និងកសាងអធិបតេយ្យភាពសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈ តួនាទីជាខ្នាតតម្លៃ មធ្យោបាយទូទាត់ និងសន្សំ។ សមិទ្ធផលគួរជាទីមោទនៈទាំងនេះ មិនអាចសម្រេច បានឡើយ ប្រសិនបើប្រទេសកម្ពុជាមិនមានសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលធ្វើឱ្យ ប្រជាជន និងវិនិយោគិន មានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀល និងអនាគតនៃសេដ្ឋកិច្ច កម្ពុជា»