សហភាពអឺរ៉ុប ស្នើឲ្យហាមឃាត់ការនាំចូលផលិតផល ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ


 (ប្រ៊ុចសែល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ អោយដឹងថា គណៈកម្មការអឺរ៉ុបបានស្នើកាលពីថ្ងៃពុធសប្តាហ៍នេះ ការហាម ឃាត់លើការនាំចូលផលិតផល ដែលប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំ ជាមួយនឹងច្បាប់នេះនឹង បង្កើនសម្ពាធកាន់តែខ្លាំង លើច្បាប់របស់សហរដ្ឋអាមេរិកដែលមានស្រាប់លើប្រទេសចិន។

នាយកប្រតិបត្តិសហភាពអឺរ៉ុបមិនបញ្ចេញឈ្មោះប្រទេសណាមួយ នៅក្នុងសំណើរបស់ខ្លួននោះទេ ប៉ុន្តែវាធ្វើតាមការអំពាវនាវរបស់សភាអឺរ៉ុបសម្រាប់ច្បាប់បែបនេះកាលពីខែមិថុនា ដែលបង្ហាញ
ពីការព្រួយបារម្ភអំពីសិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង របស់ប្រទេសចិន។

ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំង ពីការរំលោភបំពានលើជនជាតិ Uyghurs ដែល ជាជនជាតិភាគតិចមូស្លីមភាគច្រើននៅក្នុងតំបន់ស៊ីនជាំង រួមទាំងកម្លាំងពលកម្មដោយបង្ខំយ៉ាង ច្រើននៅក្នុងជំរំស្នាក់នៅ។

សហរដ្ឋអាមេរិក ដែលចោទប្រកាន់ចិនពីបទប្រល័យពូជសាសន៍ បានដាក់ចេញច្បាប់នេះកាលពីឆ្នាំ ២០២១ ដែលហាមឃាត់យ៉ាងទូលំទូលាយ លើការនាំចូលទំនិញពីស៊ីនជាំង៕