លោក ស៊ី ជិនពីង ផ្ដើមបំពេញទស្សនកិច្ចនៅអ៊ូសបេគីស្ថាន មុនជួបលោក ពូទីន


 (ប៉េកាំង)៖  តាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានផ្ដើមបំពេញទស្សន កិច្ចនៅប្រទេសអ៊ូសបេគីស្ថានហើយ នៅថ្ងៃពុធសប្ដាហ៍នេះ មុននឹងត្រូវ ចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ បានឱ្យដឹងថាប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានធ្វើដំណើរ ទៅដល់ទីក្រុង សាម៉ាកាន់ (Samarkand) កាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ជាផ្នែកមួយនៃការបំពេញ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់អ៊ូសបេគីស្ថាន និងដើម្បីចូលរួមកិច្ចប្រជុំលើកទី២២ នៃក្រុមប្រឹក្សាប្រមុខរដ្ឋ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO)។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ស៊ី ជិនពីងក៏ បានជួបពិភាក្សា ការងារជាមួយប្រធានាធិបតីអ៊ូសបេគីស្ថាន លោក សាវកាត់ មៀរហ្ស៉ីយ៉ូយ៉េវ (Shavkat Mirziyoyev) និងនាយករដ្ឋមន្ត្រីលោក អាប់ឌុលឡា អារីប៉ូវ (Abdulla Aripov) ជាមួយ ផងដែរ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចនៅបរទេសជាលើកដំបូងបំផុតរបស់លោក ស៊ី ជិនពីង ក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ ពោលគឺ រាប់ចាប់តាំងពីកូវីដ១៩ ផ្ទុះឡើងមក៕