ឯកឧត្តម ស សុខា អញ្ជើញបើកកម្មវិធី «វោហារឆ្នើម» នៅខេត្ដបន្ទាយមានជ័យ ដើម្បីជំរុញភាពក្លា ហាន ដល់សិស្សថ្នាក់វិទ្យាល័យ


 (បន្ទាយមានជ័យ)៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី កែ សួនសុភី សហស្ថាបនិកកម្មវិធីវោហារឆ្នើម នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញ ចូលរួមបើកកម្មវិធី «វោហារឆ្នើម» នៅខេត្ដបន្ទាយមានជ័យ ដើម្បីជំរុញភាពក្លាហាន ដល់សិស្សថ្នាក់ វិទ្យាល័យ។

តាមរបាយការណ៍គណៈកម្មការរៀបចំកម្មវិធីវោហារឆ្នើម បានឲ្យដឹងថា កម្មវិធីវោហារឆ្នើម គឺជា កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ សម្រាប់សិស្សវិទ្យាល័យថ្នាក់ទី១០ ១១ ១២ ការប្រកួតប្រជែងនេះមានពីរប្រភេទវិញ្ញាសា គឺ លក្ខណៈជាឯកត្តបុគ្គល និងការជជែកដេញ ដោលជាក្រុម។

កម្មវិធីមួយនេះ បង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលសម្តេចមានចក្ខុវិស័យវែងឆ្ងាយ ដោយបានគិតគូ អំពីការផ្តល់ឱកាសដល់យុវជនតាមបណ្តាខេត្ត ដើម្បីមានលទ្ធភាពបច្ចេញសមត្ថភាព ទេពកោសល្យ ដែលខ្លួនមាន។

កម្មវិធី «វោហារឆ្នើម» បង្កើតឡើងក្នុងគោលបំណង៖

* បង្កើតឱកាស និងជំរុញភាពក្លាហាន ដល់សិស្សថ្នាក់វិទ្យាល័យបានចូលរួមប្រកួតក្នុងកម្មវិធីដែលមានការវាយតម្លៃត្រឹមត្រូវ និងសុក្រឹត
* ស្វែងរកអ្នកមានសមត្ថភាពនិយាយភាសាអង់គ្លេសប្រចាំស្រុក ក្រុង និងខេត្ត
* ពង្រឹងសមត្ថភាពសិស្សទៅលើជំនាញភាសាអង់គ្លេសដើម្បីប្រឡូក នឹងវិស័យទំនាក់ទំនងការងារ តំបន់អាស៊ាន នាពេលអនាគត៕