ក្រុមអ្នកជាតិនិយមរុស្ស៊ី ផ្ទុះកំហឹង ក្រោយបរាជ័យធ្ងន់ធ្ងរនៅអ៊ុយក្រែន


 (មូស្គូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ បញ្ជាក់ថា ក្រុមអ្នកជាតិនិយមរុស្ស៊ី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បាន អំពាវនាវលាយឡំជាមួយការខឹងសម្បារឲ្យប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើការផ្លាស់ប្តូរយុទ្ធ សាស្រ្តជាបន្ទាន់ ដើម្បីធានាបាននូវជ័យជម្នះដាច់ខាតក្នុងសង្គ្រាមអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីកង ទ័ពរុស្ស៉ីបានបោះបង់ចោលទីក្រុងអ៉ីស្យូម (Izium) នៃតំបន់ខាកៀវ (Kharkiv) ដែលជាបន្ទាយ ដ៏សំខាន់មួយរបស់ខ្លួន។

ការបាត់បង់ទីក្រុងអ៉ីស្យូម គឺជាបរាជ័យដ៏ធ្ងន់ធ្ងរមួយរបស់កងទ័ពរុស្ស៉ី ចាប់តាំងពីបានដកថយចេញ ពីរដ្ឋធានីកៀវ កាលពីខែមីនាមក។ ខណៈកងទ័ពរុស្ស៊ី បានសម្រេចបោះបង់ចោលទីក្រុងមួយនេះ កាលពីថ្ងៃសៅរ៍ វាបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមអ្នកអត្ថាធិប្បាយគាំទ្រសង្រ្គាម និងអ្នកជាតិនិយមរុស្ស៊ី នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលដែលមន្រ្តីទីក្រុងមូស្គូមិនបានធ្វើ ការពន្យល់ណាមួយ ជុំវិញការបរាជ័យនៅភាគឦសាន អ៊ុយក្រែននេះឡើយ។

នៅក្នុងសារជាសំឡេងមួយមានរយៈពេលជាង១១នាទី បង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram មេដឹកនាំតំបន់ឆេឆេនី លោក រុំាហ្សាន់ កាឌីរ៉ូវ (Ramzan Kadyrov) និងជាមនុស្ស សម្ព័ន្ធមិត្តម្នាក់របស់លោក ពូទីនបានរិះគន់យ៉ាងខ្លាំងចំពោះការបោះបង់ចោលទីក្រុងអ៊ីស្យូម។ លោក កាឌីរ៉ូ បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើ ថ្ងៃនេះ ឬក៏ថ្ងៃស្អែក មិនមានការផ្លាស់ប្ដូរនៅក្នុង ប្រតិបត្តិការយោធាពិសេសទេ នោះខ្ញុំនឹងត្រូវបង្ខំចិត្តទៅជួបថ្នាក់ដឹកនាំនៃប្រទេស ដើម្បីពន្យល់ពួកគេ ពីស្ថានភាពជាក់ស្ដែងនៅសមរភូមិ»