អគ្គស្នងការនគរបាលជាតិ ណែនាំនគរបាលទូទាំងប្រទេស យកចិត្តទុកដាក់សម្រួលចរាចរណ៍ជូន ពលរដ្ឋ និងអប់រំច្បាប់ចរាចរណ៍ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ


(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំ ដល់កងកម្លាំងនគរបាលទូទាំងប្រទេស ត្រូវបង្កើនការយកចិត្តទុកដាក់ជួយសម្រួលចរាចរណ៍ជូន ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ហើយត្រូវប្រើប្រាស់ពាក្យសម្ដី និងកាយ វិការឲ្យបានសមរម្យ សាកសមជាមន្ដ្រីនគរបាលដែលបម្រើប្រជាពលរដ្ឋដោយភាពកក់ក្ដៅ។

តាមរយៈសារសំឡេងដែលទទួលបាននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តម សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា គោលការណ៍សំខាន់ក្នុងឱកាសពិធីកាន់ បិណ្ឌ និងភ្ជុំបិណ្ឌនេះ គឺសម្រួលចរាចរណ៍ ការពារសន្ដិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋដែលជា អ្នកធ្វើដំណើរតាមផ្លូវដែលកំពុងមមាញឹកទាំងអស់។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យនគរបាលនៅតាមគោលដៅ ទាំងអស់ ពិសេសគោលដៅអនុវត្តច្បាប់ចរាចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងអប់រំច្បាប់ចរាចរណ៍។ បន្ថែមពីនេះ ត្រូវប្រើប្រាស់កាយវិការ និងពាក្យសម្ដីឲ្យ បានសមរម្យទៅកាន់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «នាយកដ្ឋានជំនាញ អង្គភាព ក្រោមឱវាទអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការរាជធានី-ខេត្ត ពេលរដូវភ្ជុំបិណ្ឌមកដល់ប្រជាពល រដ្ឋទាំងអស់ប្រមូលផ្ដុំធ្វើដំណើរតាមដងផ្លូវ ដើម្បីទៅស្រុកកំណើត និងដើម្បីទៅវត្ត។ ដូច្នេះសូមកងកម្លាំងទាំងអស់បង្កើនកិច្ចប្រតិបត្តិការឲ្យល្អ ដើម្បីបម្រើប្រជាពលរដ្ឋក្នុងរដូវភ្ជុំបិណ្ឌនេះ។ សូមកែប្រែឥរិយាបថ ពាក្យសម្ដី អាកប្បកិរិយាឲ្យបានសមរម្យត្រឹមត្រូវ គោលការណ៍សំខាន់របស់យើង គឺសម្រួលចរាចរណ៍ សម្រួលសន្ដិសុខសណ្ដាប់ធ្នាប់ ជូនអ្នកធ្វើដំណើរទាំងអស់តាមដងផ្លូវ ឬតាមគោលដៅនានា»

បើទោះបី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ណែនាំឲ្យនគរបាលយកចិត្តទុកដាក់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ តែប្រជាពលរដ្ឋម្នាក់ៗត្រូវម្ចាស់ការលើខ្លួនឯង ក្នុងការគោរព ច្បាប់ចរាចរណ៍ដែលមានជាធរមាន បើកបរដោយការប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បី ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុណាមួយ ដែលឈានដល់ការខាតបង់ ពេលវេលា លុយកាក់ ឬឈានដល់ការបាត់បង់ជីវិតជាដើម៕