អគ្គិភ័យឆេះផ្ទះស្ដុកអំពូលភ្លើង នៅខណ្ឌសែនសុខទាំងកណ្ដាលរាត្រី, សមត្ថកិច្ចប្រើប្រាស់ទឹកអស់ជិត ៦០គ្រឿង ទើបគ្រប់គ្រងបានទាំងស្រុង


 (ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារ អស់ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១១៖៥០ នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ១៥៣០ តាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដឹងថា ដោយទទួលបានព័ត៌មានពីប្រជាពល រដ្ឋថា មានអគ្គិភ័យកំពុងឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED មួយកន្លែង ភ្លាមៗនោះ លោកក៏បាន បញ្ជាឲ្យ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគ្រប់គោលដៅទាំងអស់ ដើម្បីចេញជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញលំបាកក្នុងការ ជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា ដោយសារតែទីតាំងខាងលើផ្លូវចូលមានការតូចចង្អៀត ជាហេតុ ពិបាកក្នុងការឲ្យរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ ហើយអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោ សន្ធៅ។ តែទោះបីជាយ៉ាងណា ក៏កម្លាំងជំនាញនៅតែប្រឹងប្រែងជួយអន្តរាគមន៍ជានិច្ច ដើម្បីកុំឲ្យ មានមារឆ្លងរាលដាលដល់ផ្ទះផ្សេងទៀតរបស់ប្រជាពលរដ្ឋ។

នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុង នោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹក អស់ ៥៤ឡាន និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង០១៖៣៥នាទីយប់រំលងអធ្រាត្រនាថ្ងៃទី១២ ខែកញ្ញា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាប ឆេះផ្ទះស្តុកអំពូលភ្លើង LED និងសម្ភារខូចខាតអស់ទាំងស្រុង ដែលមានទំហំ (៥ម៉ែត្រ គុណ១៤ ម៉ែត្រ) សាងសង់អំពីថ្មបេតុង។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុង តែធ្វើការស្រាវជ្រាវ។

សូមបញ្ជាក់ថា ចំពោះប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានដួលសន្លប់ក្នុងពេលជួយសង្គ្រោះប្រជាពលរដ្ឋ ដោយសារតែស្រូបផ្សែងពុល នៃអគ្គិភ័យ ដែលបានឆាបឆេះផ្ទះស្តុកអំពូលភ្លើង LED ជាប្រភេទសូឡា បណ្តាលឲ្យចេញសារធាតុ ពុលមកខាងក្រៅ និងបានធ្វើឲ្យមន្ត្រីជំនាញមួយចំនួនទៀតឈ្លក់ផ្សែងពុលនោះ បើទោះបីជាបាន ប្រើប្រាស់នូវបំពុងខ្យល់អុកស៊ីសែន ដែលហៅកាត់ថា (SCBA) ក៏ដោយ។

ក្រោយពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានជួលនៅក្នុងពេលប្រតិបត្តិការនោះ ក្រុមមន្ត្រីជំនាញ បានជួយសង្គ្រោះយកចេញពីខាងក្នុងមកដាក់នៅខាងក្រៅ និងបានទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់មកធ្វើការជួយសង្គ្រោះ ដើម្បីយកទៅកាន់មន្ទីរពេទ្យផងដែរ៕