អ្នកនាំពាក្យអគ្គស្នងការដ្ឋាន អោយដឹងថា យានយន្ត ៥៣៤គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និង ផាកពិន័យ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២


 (ភ្នំពេញ)៖ យ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ៥៣៤គ្រឿងទៀត ត្រូវបាននគរបាល ទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងនោះមានម៉ូតូ ៤៣៣គ្រឿង និងរថយន្ត ១០១គ្រឿង។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការ រង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹង។

បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី១១ ខែកញ្ញា ក្នុងឆ្នាំ២០២២នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១១៤,១៤៦គ្រឿង ក្នុងនោះមានម៉ូតូ ៩១,៧៤០គ្រឿង និងរថយន្តគ្រប់ប្រភេទ ២២,៤០៦គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាក លេខជាដើម។ ដោយឡែករថយន្តល្បឿន អត់ស្លាកលេខ ឆៀក ទូរស័ព្ទ ល្មើសសញ្ញា ខ្សែក្រវាត់ និងអត់ប័ណ្ណបើកបរជាដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នក ប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹង ប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កម្ពុជាក៏បានកើតឡើងចំនួន ០៩លើក ក្នុងនោះស្លាប់ចំនួន ០៧នាក់ របួសចំនួន ០៩នាក់ (របួសធ្ងន់ ០៦នាក់)។ រយៈពេល២៥៤ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២,១១៩លើក បណ្ដាលឱ្យ មនុស្សស្លាប់ ១,២២៧នាក់ របួស ២,៩២៩នាក់ (របួសធ្ងន់ ១,៨៨១នាក់)៕