អ្នកនាំពាក្យក្រសួងព័ត៌មាន សម្តែងការហួសចិត្តចំពោះ អ្នកជំនាញសារព័ត៌មានមួយដែលថា ចំណាត់ ការបិទអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានប្រើពាក្យអសុរោះ ជេរប្រមាថ ថាជាការគំរាមកំហែងដល់សេរី ភាពសារព័ត៌មាន

 (ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសម្តែងការហួសចិត្ត និងអស់ សំណើចជាខ្លាំង ដែលមានអ្នកជំនាញខាងវិជ្ជាជីវៈសារព័ត៌មានមួយ បែរជាប្រឆាំងនឹងការដកអាជ្ញា ប័ណ្ណអង្គភាពសារព័ត៌មាន ដែលប្រើពាក្យអសុរោះ និងជេរប្រមាថ ធ្វើឱ្យប៉ះពាល់ដល់តម្លៃសង្គម។

ប្រតិកម្មអ្នកនាំពាក្យក្រសួងព័ត៌មាន បានធ្វើឡើងបន្ទាប់ពី លោក ណុប វី នាយកប្រតិបត្តិ អង្គការ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) បានរិះគន់ថា ការបិទអាជ្ញាប័ណសារព័ត៌មានរបស់ លោក ចាងហ្វាង សាន្ត ប៊ុនធឿន ជាការគំរាមកំហែងដល់សិទ្ធិសេរីភាពសារព័ត៌មាន ដោយលោកចាត់ ទុកថាការជេរប្រមាថនេះជារឿងបុគ្គលប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងយ៉ាងដូច្នេះថា៖ «វាជារឿងមួយដែលគួរឱ្យអស់សំណើច និងជារឿងមួយគួរឱ្យខ្មាស់អៀន ដែលមានអ្នកជំនាញខាងសារព័ត៌មានមួយចំនួន បានលើកឡើងថា ការផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ឱ្យក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណ ឬលុបអាជ្ញា ប័ណ្ណ ទៅដល់អង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាដែលធ្វើអត្ថាធិប្បាយ ឬក៏ផ្សព្វផ្សាយ ដោយប្រើពាក្យអសុរោះ ពាក្យជេរប្រមាថនោះថា ជាការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាននោះ»។

បើតាម លោក មាស សុភ័ណ្ឌ, សម្រាប់ការរិះគន់របស់អ្នកជំនាញខាងសារព័ត៌មានរូបនេះ ហាក់បី ដូចបង្ហាញយ៉ាងច្បាស់ថា ក្រុមអ្នកជំនាញសារព័ត៌មាននោះ គឺចង់លើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាននោះប្រព្រឹត្តផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានផងដែរ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្តថា ចំពោះការលើកឡើងរបស់អ្នកជំនាញនេះទៀត សោធ ហាក់បង្ហាញពីចេតនាលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានដែលប្រើពាក្យអសុរោះ ជេរប្រមាថ ក្នុងការផ្សព្វផ្សាយទៅវិញ។

«ខ្ញុំយល់ថាវា គឺជារឿងមួយគួរឱ្យអស់សំណើច និងគួរឱ្យខ្មាសអៀន ខ្ញុំយល់ថា ការផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ កាលពីព្រឹកមិញនេះ គឺទទួលបាននូវការគាំទ្រ និងការសាទរ យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកសារព័ត៌មានដែលតែងតែ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ត្រឹមត្រូវ នៅក្នុងនាម ជាអ្នកសារព័ត៌មានវិជ្ជាជីវៈផងដែរ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក មាស សុភ័ណ្ឌ។

គួរជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំទៅកាន់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ត្រូវបិទអាជ្ញាប័ណ្ណចោលនូវប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ទាំងឡាយ ណា ដែលប្រើប្រាស់នូវពាក្យជេរប្រមាថអ្នកដទៃ។ ការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន បាន ធ្វើឡើងក្រោយក្រសួងព័ត៌មាន បានបិទចោលនូវអាជ្ញាបណ្ណសារព័ត៌មានរបស់លោក សាន្ដ ប៊ុនធឿន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកបានឡាយតាមរយៈទំព័រព័ត៌មានរបស់ខ្លួន ប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថអ្នកដទៃ។

នៅឆ្នាំ២០២២នេះ ក្រសួងព័ត៌មាន ទើបតែលុបអាជ្ញាបណ្ណដល់អង្គភាពផ្សព្វផ្សាយព័ត៌មាន ដែល បានផ្សព្វផ្សាយ ឬធ្វើអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដោយប្រើប្រាស់ពាក្យអសុរោះ និងពាក្យជេរប្រមាថ ទើបតែ ១ករណីនេះទេ គឺករណីរបស់ លោក សាន្ត ប៊ុនធឿន។ ប៉ុន្តែចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ក្រសួងព័ត៌មាន បានដកអាជ្ញាបណ្ណបាន ៧ករណី ដែល ពាក់ព័ន្ធនឹងអង្គភាពផ្សព្វផ្សាយ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានញុះញង់ ដែលប៉ះពាល់ ទៅដល់សណ្តាប់ធ្នាប់ និងសន្តិសុខជាដើម។

អ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន បានចាត់ទុកថា ការបិទអាជ្ញាបណ្ណលោក សាន្ត ប៊ុនធឿន ក៏ជាការ ដាស់តឿនដល់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានដទៃទៀត៕