(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ខាងផ្នែកថាមពលរបស់ប្រទេសចិនកំពុងអំពាវនាវឱ្យមានការបង្កើនសមត្ថភាពផលិតថាមពលបន្ថែមទៀត និងបង្កើនបណ្តាញអគ្គិសនីឆ្លងខេត្ត ខណៈដែលគ្រោះរាំងស្ងួតធ្ងន់ ធ្ងរបានបង្កឱ្យអាងស្តុកទឹកសំខាន់ៗនៅខេត្តស៊ីឈួនអស់ទឹក ដែលជំរុញឱ្យមានការដាច់អគ្គិសនី និងបិទរោងចក្រសំខាន់ៗ។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋបាលថាមពល ជាតិរបស់ប្រទេសចិនបានទទួលស្គាល់បញ្ហាប្រឈមក្នុងការផ្គត់ផ្គង់អគ្គិសនីដែលបង្កឡើងដោយសីតុណ្ហភាពខ្ពស់ និងកង្វះផលិតកម្មវារីអគ្គិសនី។
រដ្ឋបាលថាមពលចិនបានឱ្យដឹងថា ប្រទេសចិននឹងពន្លឿនគម្រោងថាមពលវារីអគ្គិសនី និងនុយក្លេ អ៊ែរ ខណៈពេលដែលជំរុញឱ្យមានខ្សែបញ្ជូនអគ្គិសនីបន្ថែមទៀតនៅទូទាំងតំបន់ និងពង្រីក សមត្ថភាពថាមពលកកើតឡើងវិញដូចជាខ្យល់ និងថាមពលពន្លឺព្រះអាទិត្យក្នុងរយៈពេលប៉ុន្មានឆ្នាំ ខាងមុខ។ ចិនក៏បានសន្យាផងដែរថានឹងធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការទូទាំង ប្រទេសត្រឹមឆ្នាំ២០២៥។
ខេត្តស៊ីឈួន ដែលពឹងផ្អែកលើវារីអគ្គីសនី ៨២% នៃការបង្កើតថាមពលរបស់ខ្លួន កំពុងជួបគ្រោះរាំង ស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេលជាងកន្លះសតវត្សរ៍ ដោយសារសីតុណ្ហភាពបានឡើងខ្ពស់លើសពី ៤០អង្សាសេ។
លោក Zhou Jian អនុប្រធានវិស្វករនៃមជ្ឈមណ្ឌលគ្រប់គ្រង និងនិយ័តកម្មនៃក្រុមហ៊ុន State Grid Sichuan បានឱ្យដឹងនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋ CCTV ថា កម្រិតទឹកនៅក្នុងអាង សំខាន់ៗរបស់ខេត្តនេះបានធ្លាក់ដុះដល់កម្រិតបាត ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពវារីអគ្គិសនី។
ខេត្តស៊ីឈួនបានប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួន និងបានបញ្ជាឱ្យផ្អាកផលិតកម្មឧស្សាហកម្ម ដើម្បីធានាថា អគ្គិសនីអាចផ្គត់ផ្គង់ដល់គ្រួសារ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងសម្ភារសំខាន់ៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕