(ភ្នំពេញ)៖ កម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើក ទី៤១ (41st OCA General Assembly) ចាប់ពីថ្ងៃទី០១-០៥ ខែតុលាខាងមុខ នៅរាជធានីភ្នំពេញ ជំនួសប្រទេសចិនដែលអាក់ខានរៀបចំមហាសន្និបាតនេះ ដំណាលគ្នានឹងការប្រកាសពន្យារពេល រៀបចំការប្រកួតកីឡាអាស៊ី លើកទី១៩ ពីឆ្នាំ២០២២ ទៅឆ្នាំ២០២៣ ដោយសារជំងឺរាតត្បាលជា សកលកូវីដ-១៩ កាលពីពេលកន្លងទៅ។នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោយ ចប់កិច្ចប្រជុំពិភាក្សាកាករងារ ដើម្បីរៀបចំមហាសន្និបាតខាងលើនៅទីស្នាក់ការ NOCC នាថ្ងៃទី២៣ ខែសីហានេះ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធាន អចិន្ដ្រៃយ៍ CAMSOC & CAMPAGOC ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
អគ្គលេខាធិការខាងលើបានចាត់ទុកនេះគឺជាពេលវេលាមួយដ៏កម្រសម្រាប់កម្ពុជា ដែលត្រូវបាន សហគមន៍អន្ដរជាតិ ក៏ដូចជាក្រុមប្រឹក្សាអូឡាំពិកអាស៊ី មើលឃើញពីភាពជាក់លាក់ និងសក្ដានុពល ផ្នែកកីឡា សេដ្ឋកិច្ច ពិសេសសន្ដិភាពពេញលេញនៅកម្ពុជា និងជាប្រទេសគោលដៅសុវត្ថិភាព ក្នុងបញ្ហាកូវីដ-១៩ ដែលនាំឲ្យ OCA សម្រេចលើកយកមហាសន្និបាតកម្រិតពិភពលោកខាងលើ មករៀបចំនៅកម្ពុជា ដ្បិតដំបូងឡើង មហាសន្និបាតនេះ ត្រូវធ្វើនៅចិន តែដោយសារការអាក់ខាន ទើប OCA ផ្ដល់សិទ្ធឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះវិញ។
ក្នុងនាមម្ចាស់ផ្ទះ កម្ពុជាត្រៀមទទួលបដិសណ្ឋារកិច្ចប្រភិភូកីឡាអន្តរជាតិ មកពីពិភពលោក ប្រមាណ ៤០០នាក់ ពិសេសថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី ព្រមទាំងប្រធាន គណៈកម្មាធិការជាតិអូឡាំពិក ៤៥ប្រទេសក្នុងទ្វីបអាស៊ី។ តាមរយៈសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC & CAMPAGOC បានផ្តល់អនុសាសន៍ និងណែនាំឲ្យអ្នកជំនាញកម្ពុជា ខំស្វែង រកការគាំទ្រពីអន្តរជាតិឲ្យបានពេញទំហឹង សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។
ឯកឧត្តម វ៉ាត់ ចំរើន បន្ដថា «កន្លងមកមានមតិខ្លះបានលើឡើងថា បណ្តាប្រទេសជាម្ចាស់ផ្ទះខ្លះថា ទទួលរៀបចំធ្វើម្ចាស់ផ្ទះ គឺមិនមានលក្ខណៈពេញលេញ ដោយមិនទទួលបានការគាំទ្រពីលើឆាក អន្តរជាតិជាដើម។ ដូច្នេះក្នុងឱកាសដ៏កម្រ និងល្អ ក្នុងនាមជាម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សា អូឡាំពិកកម្ពុជា នាដើមតុលានេះ កម្ពុជានឹងស្វះស្វែងរកការគាំទ្រឲ្យបានពេញលេញពីអន្តរជាតិទៅ លើនយោបាយកីឡារបស់កម្ពុជាយើង នៃគោលដៅកំពុងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្កេម លើកទី១២ ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩»។
ឯកឧត្តម បញ្ជាក់ថា «ផលដែលយើងទទួលបានពីការរៀបចំនេះ អ្វីដែលសំខាន់ គឺកេរ្ដិ៍ឈ្មោះរបស់ យើង និងការផ្ដល់នូវការគាំទ្រដល់កម្ពុជាពេញទំហឹង ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍កំណត់ត្រាប្រវត្តិសាស្ដ្ររបស់យើង។ នេះហើយគឺជាអ្វីដែលយើងចង់បាន ហើយយើងចង់ឲ្យប្រទេសទាំងអស់ មើលឃើញពីសក្ដានុពល កីឡាជាតិយើង គេឃើញហេដ្ឋារចនាសម្ព័ន្ធ ឃើញទីក្រុងភ្នំពេញមានការប្រែប្រួលមុខមាត់ថ្មី រីកចម្រើន ក្រោមម្លប់សន្ដិភាពនៃសម័យតេជោ ហ៊ុន សែន ដែលមានការអភិវឌ្ឍន៍ មានស្ថេរភាពសេដ្ឋកិច្ចល្អនេះ ហើយគេមកផ្ដល់នូវសភាពការណ៍ពិត ឬក៏ស្ថានភាពពិតរបស់កម្ពុជាទៅកាន់ពិភពលោក»។
ឆ្លៀតឱកាសនោះសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជាអធិបតិភាពដ៏ខ្ពង់ខ្ពស់ និងថ្លែងនូវ សន្ទរកថាគន្លឹះ នៅក្នុងពិធីបើកមហាសន្និបាតខាងលើ ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លារបស់រាជ រដ្ឋាភិបាល ក្នុងការកសាង ក៏ដូចជាជំរុញចលនាកីឡាជាតិ និងចលនាកីឡាអូឡាំពិក ហើយក៏ជា សន្ទរកថាគន្លឹះ បង្ហាញជូននូវសក្ដានុពលរបស់រាជរដ្ឋាភិបាល ចំពោះនយោបាយកីឡាជាតិ ជាមួយ ចលនាអូឡាំពិកអន្ដរជាតិ ដើម្បីកសាងពិភពលោកមួយដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំ ពិក «Sports Build Better World» ដែលបានន័យថា កីឡាគឺបានកសាងពិភពលោកមួយឲ្យមាន សុខដុមរមនាផងដែរ។ លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។
ដូច្នេះកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ CAMSOC ថ្ងៃនេះ ឯកឧត្តម បណ្ឌិត ថោង ខុន ធ្វើការជំរុញឲ្យ គ្រប់គណៈកម្មការជំនាញក្រោមឱវាទទាំងអស់ ត្រៀមរៀបចំឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការទទួល បដិសណ្ឋារកិច្ច ការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខ សណ្តាប់ឆ្នាប់ឲ្យទទួលជោគជ័យ ប្រកបដោយសេចក្តីថ្លៃថ្នូរ និងកិត្តិយសជាតិជាធំ ក្នុងនាមម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអូឡាំ ពិកអាស៊ី លើកទី៤១ នាដើមខែតុលាខាងមុខ៕