មន្ត្រីស៊ើបការណ៍សំងាត់ជាន់ខ្ពស់អ៊ុយក្រែនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងគេហដ្ឋានរបស់ខ្លួន នៅកណ្តាលប្រទេស


 (កៀវ)៖  យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ ២០២២​បានបញ្ជាក់ថា ការិយាល័យអគ្គរដ្ឋអាជ្ញាបានអ៊ុយក្រែនបានឲ្យដឹងថា ប្រធានតំបន់នៃសេវា ស៊ើបការណ៍ SBU របស់ប្រទេសអ៊ុយក្រែន ត្រូវបានគេប្រទះឃើញស្លាប់នៅផ្ទះរបស់គាត់ នៅ កណ្តាលប្រទេសអ៊ុយក្រែន។

លោក Oleksandr Nakonechny ត្រូវបានប្រពន្ធរកឃើញដេកស្លាប់ ដោយមានរបួសដោយគ្រាប់ កាំភ្លើង នៅក្នុងបន្ទប់នៃអគារអាផាតមិនរបស់ពួកគេមួយក្នុងទីក្រុង Kropyvnytsky កាលពីល្ងាចថ្ងៃ សៅរ៍បន្ទាប់ពីបានឮស្នូរកាំភ្លើង។

ប៉ូលិសបានបើកការស៊ើបអង្កេតលើករណីស្លាប់នេះ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។

អ្នកនយោបាយក្នុងស្រុកម្នាក់ លោក Andrii Lavrus បានសរសេរនៅលើ Telegram ថា លោក Nakonechny បានបាញ់សម្លាប់ខ្លួនឯង។

កាលពីខែកក្កដា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបណ្តេញប្រធាន SBU ដែលជាមិត្តភក្តិកុមារភាពរបស់គាត់ គឺលោក Ivan Bakanov ដោយនិយាយថា គាត់មិនបានធ្វើការ គ្រប់គ្រាន់ដើម្បីកម្ចាត់ភ្នាក់ងារចារកម្ម និងសហការីរុស្ស៊ីនោះទេ។

លោក Zelensky បាននិយាយថា នឹងមានការពិនិត្យសើរើរឡើងវិញចំពោះបុគ្គលិក SBU ខណៈ មន្រ្តីជាន់ខ្ពស់ជាច្រើននៅក្នុងទីភ្នាក់ងារនេះ ត្រូវបានបណ្តេញចេញក្នុងរយៈពេលប៉ុន្មានខែកន្លងមក នេះ៕