(ប៊ែរឡាំង)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០២២ អោយដឹងថា ប្រទេសអឺរ៉ុបចំនួនប្រាំបួន រួមទាំងបារាំង និងអាល្លឺម៉ង់បាននិយាយថា ពួកគេមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការដែលរដ្ឋាភិបាលអ៊ីស្រាអែល បានបើកការវាយឆ្មក់ លើអង្គការក្រៅរដ្ឋាភិបាលប៉ាឡេស្ទីនជាច្រើន ដែលកំពុងប្រតិបត្តិការនៅតំបន់ West Bank។
យោធាអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ខ្លួនបានធ្វើការវាយឆ្មក់ពេលយប់ លើអង្គ ការចំនួនប្រាំពីរនៅក្នុងទីក្រុង Ramallah និងតំបន់ West Bank ជាកន្លែងដែលទីស្នាក់ការកណ្តាល របស់អាជ្ញាធរប៉ាឡេស្ទីនស្ថិតនៅ។
ក្រសួងការបរទេស នៃប្រទេសចំនួន៩ បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ ការវាយឆ្មក់ ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែសីហា ជាផ្នែកនៃការថយចុះគួរឱ្យព្រួយបារម្ភ នៃលំហសង្គមស៊ីវិលនៅក្នុងតំបន់»។
ប្រទេសបែលហ្ស៊ិក ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អៀរឡង់ អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងស៊ុយអែត បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សកម្មភាពទាំងនេះមិនអាចទទួលយកបានទេ»។
កាលពីខែតុលា ក្រុមប៉ាឡេស្ទីនចំនួនប្រាំមួយត្រូវបានអ៊ីស្រាអែលកំណត់ថា ជាក្រុមភេរវករជាមួយ ការចោទប្រកាន់ថា ពួកគេមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធឆ្វេងនិយម PFLP ទោះបីជាមន្ត្រី អ៊ីស្រាអែល មិនបានចែករំលែកជាសាធារណៈនូវភស្តុតាង នៃទំនាក់ទំនងបែបនេះក៏ដោយ។
បញ្ជាក់ថា អ៊ីស្រាអែលបានកាន់កាប់តំបន់ West Bank ចាប់តាំងពីសង្គ្រាមប្រាំមួយថ្ងៃក្នុងឆ្នាំ ១៩៦៧មកម្លេះ នៅពេលដែលខ្លួនបានដណ្តើមយកបានទឹកដីពីហ្ស៊កដានី៕