កៀវ)៖ តាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២ បញ្ជាក់ថា អ៊ុយក្រែន គឺជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះចំនួន ៣លើក នៅឯមូល ដ្ឋានយោធារុស្ស៊ី ក្នុងតំបន់គ្រីមៀ (Crimea) កាលពីសប្តាហ៍មុន រួមទាំងការបំផ្ទុះនៅឯមូលដ្ឋានទ័ព អាកាសរុស្ស៊ី ក្នុងតំបន់ឆ្នេរភាគខាងលិច ដែលបានធ្វើឱ្យយន្តហោះជាច្រើនគ្រឿងរងការខូចខាត។
ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីចែករំលែករបាយការណ៍នេះ មន្ត្រីអ៊ុយ ក្រែន បានប្រាប់ CNN ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះឲ្យដឹងថា មូលដ្ឋានទ័ពអាកាស សាគី (Saki) របស់រុស្ស៉ីដែលរញ្ជួយដោយការផ្ទុះដ៏កក្រើកសម្លាប់មនុស្សម្នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រួមទាំងការវាយប្រហារជាបន្តបន្ទាប់ជាផ្សេងទៀត គឺជាភស្តុតាងបង្ហាញពីសមត្ថភាពយោធាអ៊ុយ ក្រែន ក្នុងការកំណត់គោលដៅក្នុងតំបន់គ្រីមៀ (Crimea) ហើយវាបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ីនៅទីនោះ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី នៅក្នុងសប្ដាហ៍នេះ ក៏បានទទួលស្គាល់ជាលើកដំបូងដែរថា ការផ្ទុះនៅឯឃ្លាំងយោធាមួយកន្លែង ស្ថិតនៅ ភាគខាងជើងនៃតំបន់គ្រីមៀដែលបង្ខំឱ្យអាជ្ញាធរ ជម្លៀសមនុស្សជាង ៣,០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ គឺជា «ទង្វើវិច្ឆេទកម្ម»។ ហេតុការណ៍ផ្ទុះនេះកើតមានឡើង បន្ទាប់ពីកាលពីសប្ដាហ៍មុន ក៏មានការផ្ទុះជាច្រើនលើក នៅ ឯមូលដ្ឋានទ័ពអាកាសរុស្ស៉ី ក្នុងតំបន់គ្រីមៀផងដែរ ហើយនៅពេលនោះក្រុមមន្ត្រីរុស្ស៉ីបានអះអាងថា ការផ្ទុះនេះគ្រាន់តែគ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ខាងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ នៅតែមិនទាន់ធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដី រាយការណ៍របស់ CNN នោះទេ ដោយមិនទាន់បាន ទទួលស្គាល់ជាផ្លូវការ ហើយក៏មិនបាន បដិសេធថាតើខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងតំបន់គ្រីមៀ ឬក៏យ៉ាងណានោះដែរ៕