(កៀវ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែ សីហា ឆ្នាំ២០២២ ប្រាប់អោយដឹងថា រុស្ស៉ី ត្រូវបានគេរាយការណ៍ថា បានតែងតាំងមេបញ្ជាការថ្មី នៃកងទ័ពជើងទឹករបស់ខ្លួន ប្រចាំតំបន់សមុទ្រខ្មៅ ឈរជើងនៅក្នុងតំបន់គ្រីមៀ បន្ទាប់ពីមូលដ្ឋាន យោធារបស់ខ្លួន រងការខូច ខាតដោយសារតែហេតុការណ៍ផ្ទុះជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។
ក្រសួងការពារជាតិរុស្ស៉ីក្នុងសប្ដាហ៍នេះបានទទួលស្គាល់ជាលើកដំបូងថាការផ្ទុះនៅឯឃ្លាំងយោធាមួយកន្លែង ស្ថិតនៅភាគខាងជើងនៃតំបន់គ្រីមៀ ដែល បង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ៣,០០០ នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះគឺជា «ទង្វើវិច្ឆេទកម្ម»។ ហេតុការណ៍ផ្ទុះនេះកើតមានឡើងបន្ទាប់ពីកាលពី សប្ដាហ៍មុន ក៏មានការផ្ទុះជាច្រើនលើកនៅឯមូល ដ្ឋានទ័ពអាកាសរុស្ស៉ី ក្នុងតំបន់គ្រីមៀផងដែរ ហើយនៅពេលនោះក្រុមមន្ត្រីរុស្ស៉ីបានអះអាងថា ការផ្ទុះ ទាំងនេះគ្រាន់តែជាគ្រោះថ្នាក់ចៃដន្យប៉ុណ្ណោះ។
ដោយឡែក បើតាមសារព័ត៌មាន CNN អ៊ុយក្រែនបានទទួលស្គាល់ថាខ្លួនជាអ្នកនៅពីក្រោយហេតុ ការណ៍ផ្ទុះចំនួន ៣លើក នៅឯមូលដ្ឋានយោធារុស្ស៊ី ក្នុងតំបន់គ្រីមៀ (Crimea) កាលពីសប្តាហ៍មុន រួមទាំងការបំផ្ទុះនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ក្នុងតំបន់ឆ្នេរភាគខាងលិច ដែលបានធ្វើឱ្យយន្តហោះ ជាច្រើនគ្រឿងរងការខូចខាត។ ក៏ប៉ុន្តែ រដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់មិនទាន់បានទទួលស្គាល់ជាផ្លូវការ ហើយក៏មិនបានបដិសេធថាតើខ្លួនមានជាប់ពាក់ព័ន្ធ នឹងការវាយប្រហារក្នុងតំបន់គ្រីមៀ ឬក៏យ៉ាង ណានោះដែរ។
ជុំវិញ ហេតុការណ៍ផ្ទុះក្នុងតំបន់គ្រីមៀនេះដែរ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA ដោយផ្អែកលើប្រភព ដែលខ្លួនទទួលបាន បានឱ្យដឹងថាទីក្រុងមូស្គូ បានតែងតាំងលោក វ៉ិចទ័រ សូកូឡូវ (Viktor Sokolov ) ជាមេបញ្ជាការថ្មីនៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ ជំនួសមេបញ្ជាការ លោក អ៊ីហ្គ័រ អូស៊ីប៉ូវ (Igor Osipov)។ ដូច្នេះប្រសិនបើ សេចក្ដីរាយការណ៍ពីការតែងតាំងមេបញ្ជាការថ្មីនេះត្រូវ បានទទួលស្គាល់ នោះវានឹងក្លាយជាការបណ្ដេញមន្ត្រី យោធាជាន់ខ្ពស់បំផុតម្នាក់របស់រុស្ស៉ី ចាប់ តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក៕