កម្ពុជា នឹងបើកទ្វារស្ដាតមរតកតេជោ ស្វាគមន៍ជំនួបមិត្តភាពអន្ដរជាតិ ២ប្រកួតនាខែក្រោយ


 (ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសទទួលធ្វើម្ចាស់ផ្ទះការប្រកួតមិត្តភាព អន្ដរជាតិចំនួន ២ប្រកួតនាខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រវាងក្រុមជម្រើស ជាតិកម្ពុជា (ក្រុមធំ) និងក្រុមជម្រើសជាតិយុវជន U23 កម្ពុជាជាមួយក្រុមភ្ញៀវបង់ក្លាសដែស និង U23 ជប៉ុន។សម្រាប់ក្រុមយុវជន U23 កម្ពុជា នឹងត្រូវជួបក្រុម U23 ជប៉ុន នាថ្ងៃទី២០ ខែកញ្ញា ខណៈក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិបង់ក្លាដែសនាថ្ងៃទី២២ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់ បន្ទាប់ពី FFC បានយល់ព្រមទទួលសំណើរបស់សហ ព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស។

ជុំវិញការប្រកួតមិត្តភាពអន្ដរជាតិរបស់ក្រុមគោព្រៃកម្ពុជាខាងលើ ផ្ដោតគោលដៅសំខាន់ ២ផ្សេងគ្នា ក្នុងនោះក្រុម U23 កម្ពុជា ផ្ដោតគោលដៅត្រៀមខ្លួនសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ គ្រាដែលក្រុមធំ ពោលគឺក្រុមជម្រើសជាតិកម្ពុជា គឺជាការត្រៀមលក្ខណៈ មុនការប្រកួតពានរង្វាន់ជើងឯកអាស៊ី អាគ្នេយ៍ AFF Mitsubishi Electric Cup 2022 នាចុងឆ្នាំ២០២២ ខាងមុខ។

សូមរំឮកថា ប្រវត្តិជួបគ្នាចុងក្រោយ រវាង ២ប្រកួតខាងលើ កម្ពុជាសុទ្ធតែរងបរាជ័យ ដោយក្រុម U23 កម្ពុជា បានចាញ់ U23 ជប៉ុន ៤-០ ក្នុងជំនួបវគ្គជម្រុះពូល K នៃពានរង្វាន់ AFC U23 Asian Cup 2022 នៅទឹកដីជប៉ុនកាលពីចុងខែតុលា ឆ្នាំ២០២១។ រីឯក្រុមគោព្រៃកម្ពុជា ធ្លាប់ចាញ់បង់ ក្លាដេស ១-០ ក្នុងជំនួបមិត្តភាពនៅពហុកីឡដ្ឋានជាតិ (ស្ដាតអូឡាំពិក) កាលពីឆ្នាំ២០១៩៕