(កំពង់ឆ្នាំង)៖ បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ១ខ្សែប្រវែងជាង៥ គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ។
បណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីបានថ្លែងថាផ្លូវដែលកំពុងបើកឲ្យដំណើរការសាងសង់នាពេលនេះមានប្រវែង ៥ គីឡូម៉ែត្រ ៧៤៤ ម៉ែត្រ ក្នុងនោះប្រវែង ៣ គីឡូម៉ែត្រ ៣៨០ ម៉ែត្រ ជាផ្លូវក្រាលកៅស៊ូពីជាន់ ប្រភេទ DBST និងប្រវែង ២ គីឡូម៉ែត្រ ៣៦៤ ម៉ែត្រ ជាផ្លូវបេតុង ដែលមានទទឹងប្រវែង ០៨ ម៉ែត្រ និងសំណង់សិល្បការ្យ រួមមានលូប្រអប់ចំនួន ៣កន្លែង លូមូលកាត់ទទឹងផ្លវចំនួន ៨ កន្លែង លូមូល កាត់ផ្លូវបំបែកចំនួន ១៩ កន្លែង លូអក្សរអ៊ុយរំដោះទឹកប្រវែង ១ ៣៦៩ ម៉ែត្រ។ ជាមួយនេះមានបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមបណ្ដោយខ្សែផ្លូវ រួមមានស្លាកសញ្ញាចរាចរណ៍ ៦៩ កន្លែង គំនូសអក្សផ្លូវ និងមានគំនូសសម្រាប់ថ្មើជើងឆ្លងកាត់ចំនួន ៤ កន្លែងផងដែរ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ ៥ ចាប់ពីភូមិក្បាលថ្នល់ ភូមិតាសូរ ភូមិតាសុខ ភូមិចំបក់ផ្អែម ដល់ភូមិ កំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នៅអំឡុង ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ដោយទទួលសាងសង់ដោយ ក្រុមហ៊ុន UNG SIMSIA CONSTRUCTION CO.LTD ក្នុង ទឹកប្រាក់ប្រមាណជា ១ ៧២២ ២២៩.៣៦ដុល្លារអាមេរិក។
លោកបណ្ឌិតបានបន្តថា នេះជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជា ប្រមុខដឹកនាំ ផ្ដល់ឱកាសមានលក្ខណៈពិសេសខុស ពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌ តម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជន នៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ ១៩។
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ អនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន៦៧ លានដុល្លារអាមេរិក ក្នុងនោះថវិកាចំនួន៦០លានដុល្លារអាមេរិក ជាហិរញ្ញប្បទានរបស់ធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ៧.៥ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រាជ រដ្ឋាភិបាលកម្ពុជា។
គម្រោងនេះមានសមាសភាពចំនួន ២គឺ៖
ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ ដែលត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង ១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង ៥០ គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគម ន៍ចំនួន ៧៥ស្រះ ស្ថាបនាស្រះសហគមន៍រៀបថ្ម ឬបេតុងចំនួន ៧៥ ស្រះនៅក្នុងខេត្តគោលដៅ ចំនួន ៥ គឺ៖ ខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្ត កោះកុង។
ទី២៖ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់ អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅនៃគម្រោង៕