កម្ពុជា និងវៀតណាម ពិភាក្សាលម្អិតលើ MOU ជួយពង្រឹងកីឡាអេឡិចត្រូនិច ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣


 (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ល្ងាចថ្ងៃទី១២ ខែសីហា បានជួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាអេឡិច ត្រូនិចវៀតណាម ដើម្បីពិភាក្សាការងារលម្អិតលើអនុស្សារណៈយោគយល់គ្នា (MOU) ដែលភាគី វៀតណាមបានសន្យាជួយផ្នែកបច្ចេកទេសដល់កម្ពុជា សម្រាប់ការរៀបចំការប្រកួតកីឡាអេឡិច ត្រូនិច ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ជំនួបពិភាក្សាការងារនេះ បន្ទាប់ពីសហ ព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម បានចុះ MOU ដែលជា កិច្ចព្រមព្រៀងបឋមជាមួយគ្នាកាលពីខែឧសភាកន្លងទៅ អំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការ ២ចំណុចសំខាន់ៗ ទី១-ការជួយផ្នែកបច្ចេក ទេសលើការរៀបចំការប្រកួត និងទី២-ការជួបបណ្ដុះបណ្ដាលផ្នែកធនធានមនុស្ស ដើម្បីឆ្លើយតប នឹងការត្រៀមធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «កិច្ចពិភាក្សានេះ យើងផ្ដោតការយកចិត្តទុកដាក់ទៅលើ ២ចំនុចសំខាន់ ទី១ វៀតណាមគេនឹងជួយយើងលើការរៀបចំលក្ខណៈបច្ចេកទេស ក្នុងការរៀបចំការ ប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើង គិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ…។ យើងបានមកទីនេះ ដើម្បីពិភាក្សាគ្នាលម្អិត ក្នុង ការធ្វើអនុស្សារណៈយោគយល់ (MOU) លម្អិតមួយ សម្រាប់ការរៀបចំនេះ ហើយយើងទាំងអស់ គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិកត្រូនិចកម្ពុជា នឹងរៀបចំ MOU នេះ ឲ្យបានរួចរាល់ ហើយដាក់ជូនទៅថ្នាក់ដឹកនាំ ដើម្បីផ្ដល់សិទ្ធិទៅដល់សហព័ន្ធ ក៏ដូចជាគណៈអចិន្ត្រៃយ៍របស់ CAMSOC និងអគ្គលេខាធិការរដ្ឋាន CAMSOC មានការចុះ MOU អនុវត្តទៅលើការងារនេះ»

«មួយទៀត គឺពាក់ព័ន្ធជាមួយនឹងការដែលវៀតណាមគេជួយបង្ហាត់បង្រៀនអំពីជំនាញកីឡា E-Sports នេះបន្ថែមទៀតដល់កម្ពុជា ព្រោះវៀតណាមគេមានកម្រិតល្អប្រសើរ ហើយនឹងយកមេដាយមាសផង ដែរ នៅក្នុងពេលស៊ីហ្គេម។ អ៊ីចឹងកម្រិតកីឡា E-Sports របស់វៀតណាម អាចថានៅកម្រិតខ្ពស់មួយ ដែលអាចផ្ទេរចំណេះជំនាញ ផ្ទេររបៀបនៃការលេងមកកម្ពុជាផងដែរ ហើយវៀតណាមបានសន្យា ក្នុងការជួយ ទាំងធ្វើការរៀបចំការប្រកួត ទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទៅកីឡាករ-កីឡា ការិនី ផ្នែក E-Sports របស់យើងដែរ»

សូមបញ្ជាក់ថា កីឡាអេឡិចត្រូនិច គឺជាកីឡា១ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡា សម្ដែង ១ប្រភេទ ដែលត្រូវបានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍អនុម័តរួចរាល់ សម្រាប់ស៊ី ហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡាអេឡិចត្រូនិច ទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់ នេះ ២ដងប៉ុណ្ណោះកាលស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងឆ្នាំ២០២២ នៅវៀតណាម ខណៈ កម្ពុជា គឺជាលើកទី៣ ដែលកីឡាទំនើបមួយនេះត្រូវបង្ហាញវត្តមាន៕