(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការរៀបចំ «ព្រឹត្តិ ការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ» រវាងក្រុមកីឡាករវ័យចំណាស់កម្ពុជា ថៃ ឡាវ និងវៀតណាម នៅកីឡដ្ឋានខេត្តសៀមរាប ចាប់ពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលទទួលបាននាថ្ងៃទី៣ ខែសីហា នេះ។ សេចក្តីប្រកាសព័ត៌មានបានបន្តថា ព្រឹត្តិការណ៍កីឡានេះគឺមានការចូលរួមពីកីឡាករវ័យ ចំណាស់កម្ពុជាចំនួន២១នាក់ កីឡាករវ័យចំណាស់ថៃនិងឡាវចំនួន១១០នាក់ និងកីឡាករវ័យ ចំណាស់វៀតណាមចំនួន២០នាក់។
ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះទៀតសោត គឺធ្វើឡើងក្នុង គោលបំណងពង្រីកនូវផលិតផលទេសចរណ៍សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍ បាល់ទាត់វ័យចំណាស់និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធន ធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហា វិស័យកីឡាជាតិនិងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បី អបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកស្នេហា វិស័យកីឡាក្នុងខេត្តសៀមរាបរួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលរួមទស្សនាដោយសេរីឱ្យបានច្រើនកុះករ៕