(ណៃពិដោ)៖ យោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែ សីហា ឆ្នាំ២០២២ អោយដឹងថា រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៉ី គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការធ្វើឲ្យមានស្ថិរភាពប្រទេសរបស់ខ្លួនឡើងវិញ ក្នុងពេលកំពុងជួបនឹងវិបត្តិ កំលុងពេលដែល លោកបានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនៃរបបយោធាមីយ៉ាន់ម៉ា។
អំឡុងកិច្ចពិភាក្សាក្នុងទីក្រុងណៃពិដោ លោក ឡារ៉ូវ បានគូសបញ្ជាក់ថា «ពួកយើងសូមបង្ហាញ នូវសាមគ្គីភាពជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់របបយោធា ក្នុងគោលបំណងធ្វើឲ្យស្ថានការណ៍ មានស្ថិរភាពក្នុងប្រទេស»។
លោក ឡារ៉ូវ ក៏បានជូនពរដល់មីយ៉ាន់ម៉ាឲ្យទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោតនៅឆ្នាំ ក្រោយ ដែលសំដៅទៅដល់ផែនការរៀបចំការបោះឆ្នោត នាខែសីហា ឆ្នាំ២០២៣ ខណៈក្រុម ប្រឆាំងរដ្ឋប្រហារ បាននិយាយថា ការបោះឆ្នោតនោះ នឹងមិនសេរី ឬមានយុត្តិធម៌នោះឡើយ។
គួរបញ្ជាក់ថា រុស្ស៉ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធនៃរបបយោធាមីយ៉ាន់ម៉ា។ ប្រភពពីក្រុមអ្នកតាមដានស្ថានការណ៍ក្នុងស្រុក បានឲ្យដឹងថា មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចល ចាប់តាំងពីការដណ្តើមអំណាចដោយយោធា កាលពីឆ្នាំ២០២១ ហើយមនុស្សជាង ២,១០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបអ្នកប្រឆាំង៕