សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតអង្គុយដោះស្រាយការងារកណ្តាលវាលស្រែ និងរំលឹក ពីកិច្ចប្រឹងប្រែងជំរុញការធ្វើស្រែរបស់កសិករ


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ ២០២២នេះ បានបង្ហាញរូបថតមួយសន្លឹកអង្គុយកណ្តាលវាលស្រែពេលចុះដោះស្រាយការងារបង្កបង្កើនផលជូនប្រជាកសិករកាលពីអតីតកាល ជាមួយការគូសរំលេចនូវកិច្ចប្រឹងប្រែងមួយចំនួនដើម្បីជំរុញការបង្ក បង្កើនផលដោះស្រាយបញ្ហាខ្វះស្បៀងរបស់ប្រជាពលរដ្ឋ។

ជាមួយការបង្ហោះរូបភាពនៃអនុស្សាវរីយ៍នៃការដឹកនាំជាតិក្នុងដំណាកកាលកម្ពុជាក្រខ្សត់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកថា ដើម្បីមានស្បៀងគ្រប់គ្រាន់សម្រាប់ចិញ្ចឹមប្រជាជន សម្តេចត្រូវធ្វើវេទិការតាមភ្លឺស្រែជាមួយប្រជាជន។ ពេលនោះការពិភាក្សាផ្តោតសំខាន់លើការដោះស្រាយទឹក ការប្រើប្រាស់ពូជ ការប្រើប្រាស់ដី ជី ថ្នាំសម្លាប់សត្វល្អិត ការបែងចែកតំបន់ដាំដុះ ការចិញ្ចឹមត្រី និងសត្វ។ល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសរំលេចទៀតថា ការឆ្លងឆ្លើយរវាងប្រជាជន និងនាយករដ្ឋមន្ត្រី បានធ្វើឱ្យវេទិការ មានជោគជ័យ ដោយបានដោះស្រាយសំណូមពររបស់ប្រជាជនមិនត្រឹមតែវិស័យ កសិកម្មប៉ុណ្ណោះទេ តែបានដោះស្រាយសាលារៀន ផ្លូវ ស្ពាន ស្រះទឹក អណ្តូងទឹកវត្តអារាម។ល។ បានយ៉ាងច្រើនទៀតផង។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ពីប្រទេសដែលខ្វះស្រូវប្រមាណ ១លានតោននាទសវត្សរ៍ ១៩៩០ និងដើមឆ្នាំ២០០០ ពេលនេះយើងសល់ស្រូវជាង ៦លានតោន ជាមួយដំណាំកសិកម្មផ្សេង ទៀត មានការរីកចម្រើនយ៉ាងខ្លាំងដែលធ្វើឱ្យយើងដោះស្រាយបានតម្រូវការក្នុងស្រុក និងការនាំចេញ ផងដែរ»

សម្តេចតេជោ បានឱ្យដឹងថា វេទិការតាមវាលស្រែធ្វើមិនតិចជាង១០ដងនោះទេ ដែលមាននៅខេត្ត កណ្តាល កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោសាត់ កំពង់ធំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការស្តាប់ប្រជាជននិយាយទទួលដោះស្រាយ សំណូម ពរសមហេតុ សមផលរបស់ប្រជាជនទើបរៀបចំគោលនយោបាយបានត្រឹមត្រូវ។ សម្តេចតេជោ បានរំលេចសារជាដំបូន្មានសម្រាប់មន្ត្រីផងដែរថា ត្រូវធ្វើមន្ត្រីជើងពីរមិនត្រូវធ្វើមន្ត្រីជើង១០នោះ ឡើយ និងត្រូវរត់ទៅរកការងារធ្វើកុំរង់ចាំការងាររត់មករក។

ក្នុងរូបភាពមួយសន្លឹកនេះ មានជាប់រូបលោកស្រី ហ៊ុន ម៉ាណា ផងដែរ។ សម្តេចតេជោ ក៏បានឆ្លៀត បញ្ជាក់ថា លោកស្រី ហ៊ុន ម៉ាណា មានទម្លាប់ដើរតាមសម្តេចតាំងពីតូច ហើយក៏ធ្លាប់ទៅតាមសម្តេច បានប៉ុន្មានកន្លែងដែរក្នុងវេទិការតាមភ្លឺស្រែនេះ៕