(ភ្នំពេញ)៖ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ស្អែកនេះ។ ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជាក្នុងនាមជារដ្ឋមន្ត្រីការបរទេសជប៉ុននេះ លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយអាស៊ាន និងមានជំនួបសម្តែងការ គួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាជំនួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនង កម្ពុជា-ជប៉ុន។ មុនដំណើរអញ្ជើញមកដល់កម្ពុជា លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានផ្ញើសារជូន ប្រជាពលរដ្ឋកម្ពុជាផងដែរ។ ក្នុងសារជូនពលរដ្ឋកម្ពុជានេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែក ទុក្ខចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ តាមរយៈការបង្ហូតទង់ជាតិពាក់កណ្តាលដង នៅក្នុងទូទាំងប្រទេសកម្ពុជា និងបានផ្ញើលិខិត និងសាររំលែកទុក្ខជាច្រើន។ លោក បានគូសបញ្ជាក់ ថា កាយវិការដ៏កក់ក្ដៅទាំងនេះ បានលើកទឹកចិត្តរូបលោក ហើយធ្វើឱ្យលោករំភើបដោយដឹងថា មានមិត្តជាច្រើននាក់នៅប្រទេសកម្ពុជា។
លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា បានគូសរំលេចទៀតថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណង បញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។ នាខែមីនាកន្លងទៅនេះ នាយករដ្ឋមន្ត្រី គិស៊ិដា បានធ្វើទស្សនកិច្ចនៅកម្ពុជា ហើយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបាន ចេញសេចក្តីថ្លែងការណ៍រួមដោយបង្ហាញពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។
លោករដ្ឋមន្ត្រីការបរទេសបានបន្ថែមថា ប្រទេសជប៉ុន នឹងបន្តខិតខំធ្វើការដើម្បីអនុវត្តសេចក្តីថ្លែង ការណ៍រួមឲ្យចេញជាសហប្រតិបត្តិការជាក់ស្តែងជាមួយប្រជាជនកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកនឹងជួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ដែលជាសមភាគី ជាពិសេសអំពីវិវត្តន៍នៃគម្រោងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែស្នូល របស់កម្ពុជា និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ លោកក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសដែលពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ានផងដែរ។ លោកសូមសម្តែងនូវការគោរពចំពោះលោក ប្រាក់ សុខុន រួមទាំងមន្ត្រីក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំ និងសម្របសម្រួលកិច្ចប្រជុំទាំង នេះក្នុងនាមជាប្រធានអាស៊ាន។ សហគមន៍អន្តរជាតិកំពុងប្រឈមបញ្ហាស្មុគស្មាញ ដូចជាបញ្ហានៅ អ៊ុយក្រែន កូរ៉េខាងជើង មីយ៉ាន់ម៉ា និងសមុទ្រចិនខាងត្បូងជាដើម។ កិច្ចប្រជុំនានាដែលធ្វើឡើងក្នុងស្ថានភាពបែបនេះមានសារសំខាន់ជាវេទិកាមួយដើម្បីបញ្ជាក់ និង ផ្សព្វផ្សាយពីតម្លៃ និងគោលការណ៍ដែលសហគមន៍អន្តរជាតិគួរតែប្រកាន់ខ្ជាប់។
ក្នុងសារនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានឆ្លៀតគូសរំលេចដែរថា លោកជាអ្នកគាំទ្រម្ហូបខ្មែរ ហើយលោកបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ លោកទន្ទឹងរង់ចាំភ្លក់ រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជាអាម៉ុក។
លោករដ្ឋមន្ត្រីការបរទេសជប៉ុន ជូនពរឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទាំងអស់ប្រព្រឹត្តិទៅដោយជោគជ័យ និងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែរីក ចម្រើន៕